ប្រទេសចិន ៖ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ការិយាល័យរដ្ឋបាលគយទូទៅរបស់ចិនបានប្រកាសផ្អាកការនាំចូលសាច់សត្វស្លាប និងស្រូវមីយេពីក្រុមហ៊ុនអាមេរិកមួយចំនួន ព្រមទាំងផ្អាកការកំណត់លក្ខណៈសម្បត្តិក្រុមហ៊ុនអាមេរិកមួយចំនួនទៀតក្នុងការនាំចេញទំនិញមកប្រទេសចិន ។ ការិយាល័យរដ្ឋបាលគយបញ្ជាក់ថា មន្ត្រីគយចិនបានរកឃើញសាច់មាន់ និងសាច់សត្វស្លាបអាមេរិកផ្ទុកសារធាតុហាមឃាត់ដែលប៉ះពាល់សុខភាពអ្នកបរិភោគ ។
សារព័ត៌មានស៊ីនហួររាយការណ៍ថា នៅថ្ងៃទី៤ ខែមេសា កន្លងមក ចិនបានផ្អាកការកំណត់លក្ខណៈសម្បត្តិក្រុមហ៊ុនអាមេរិកឈ្មោះ C&D USA Inc. ក្នុងការនាំចេញស្រូវមីយេ មកប្រទេសចិន ព្រមទាំងផ្អាកការកំណត់លក្ខណៈសម្បត្តិក្រុមហ៊ុនអាមេរិក ចំនួន៣ ទៀត រួមមាន ៖ ក្រុមហ៊ុន American Proteins, Inc., ក្រុមហ៊ុន Mountaire Farms of Delaware, Inc. និងក្រុមហ៊ុន Darling Ingredients Inc. ក្នុងការនាំចេញសាច់សត្វស្លាប និងឆ្អឹងសត្វមកចិន ផងដែរ ។

សេចក្តីប្រកាសរបស់ការិយាល័យរដ្ឋបាលគយទូទៅបញ្ជាក់ថា ការសម្រេចចិត្តនេះកើតឡើងក្រោយមន្ត្រីគយចិនពិនិត្យឃើញសារធាតុ Zeeralenone និងផ្សិតក្នុងស្រូវមីយេក្នុងបរិមាណខ្ពស់ ដែលក្រុមហ៊ុនអាមេរិកបាននាំចូលមកចិន ។ ក្រៅពីនេះ មន្ត្រីគយចិនក៏បានរកឃើញសារធាតុ Salmonella ក្នុងសាច់សត្វស្លាប និងឆ្អឹងសត្វនាំចូលពីអាមេរិកផងដែរ ទើបចិនផ្អាកការនាំចូលដើម្បីការពារសុខភាពពលរដ្ឋ និងសុវត្ថិភាពការចិញ្ចឹមសត្វនៅចិន ។
ការិយាល័យរដ្ឋបាលគយទូទៅ ក៏បានចេញសេចក្តីប្រកាស១ច្បាប់ទៀត ដោយផ្អាកការនាំចូលសាច់សត្វស្លាបពីក្រុមហ៊ុនអាមេរិក ចំនួន២ រួមមាន ៖ ក្រុមហ៊ុន Mountaire Farms of Delaware, Inc. និងក្រុមហ៊ុន Coastal Processing, LLC ។ ការិយាល័យរដ្ឋបាលគយបញ្ជាក់ថា ចិនសម្រេចចិត្តផ្អាកភ្លាមៗដោយសារមន្ត្រីគយចិនរកឃើញសាច់សត្វស្លាបអាមេរិកផ្ទុកសារធាតុហាមឃាត់ Furacillin ជាច្រើនលើក ហើយការហាមឃាត់នេះ គឺកុំឱ្យប៉ះពាល់សុខភាពអ្នកបរិភោគ ។
បើតាមមន្ត្រីការិយាល័យរដ្ឋបាលគយទូទៅ គឺវានឹងជួយការពារផលប៉ះពាល់សុខភាពដោយសារចំណីអាហារនាំចូលពីអាមេរិក ហើយការផ្អាកនេះស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធរបស់ចិន និងស្តង់ដារអន្តរជាតិ ។
គួរបញ្ជាក់ថា ការផ្អាកនាំចូលសាច់សត្វស្លាប និងស្រូវមីយេពីអាមេរិក ក្រោមហេតុផលផ្ទុកសារធាតុហាមឃាត់កាលពីថ្ងៃទី៤ ខែមេសានេះ គឺក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump ទើបតែដំឡើងពន្ធទំនិញចិន និងទំនិញប្រទេសផ្សេងៗលើពិភពលោក ៕