ប្រទេសថៃ ៖ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ាបានកើតគ្រោះរញ្ជួយដី ស្មើកម្រិត៧.៧រិចទ័រ ដែលមានឥទ្ធិពលដល់ប្រទេសជាច្រើន រួមទាំងថៃ បានខូចខាតអគារជាច្រើនកន្លែង ជាពិសេស អគារក្នុងទីក្រុងបាងកក រងផលប៉ះពាល់ខ្លាំងបំផុត ។ ធនាគារ Siam Commercial បានបង្ហាញរបាយការណ៍វាយតម្លៃផលប៉ះពាល់ជំហ៊ានដំបូងដោយសាររញ្ជួយដីនៅថៃ គឺថៃបាត់បង់ប្រាក់ស្មើប្រមាណ៣ម៉ឺនលានបាត ហើយវិស័យទេសចរណ៍ និងអចលនទ្រព្យប៉ះពាល់ខ្លាំងជាងគេ ។.png)
គ្រោះរញ្ជួយដីចាប់ផ្តើមប៉ះពាល់ដល់វិស័យទេសចរណ៍ថៃ ដោយសារការលុបចោលការស្នាក់នៅបន្ទប់សណ្ឋាគារ ក្នុងរយៈពេល២ថ្ងៃក្រោយរញ្ជួយដី ស្មើប្រមាណ១,១០០បន្ទប់ នៅទូទាំងប្រទេស ។ តាមទិន្នន័យសណ្ឋាគារ គឺភ្ញៀវទេសចរបានលុបចោលការស្នាក់ក្នុងបន្ទប់សណ្ឋាគារភាគច្រើននៅទីក្រុងបាងកក ខណៈសមាគមអាកាសចរណ៍ថៃបញ្ជាក់ថា រយៈពេល២ថ្ងៃនេះ ចំនួនការទិញសំបុត្រយន្តហោះធ្លាក់ចុះជាមធ្យម ចាប់ពី៤០% ទៅ៦០% ។ ភ្ញៀវទេសចរបរទេសកំពុងតាមដានស្ថានការណ៍រញ្ជួយដីនៅថៃ ដោយសាររដ្ឋាភិបាលប្រទេសជាច្រើនដាស់តឿនពលរដ្ឋពីសុវត្ថិភាពធ្វើដំណើរមកថៃ ដូចជា ៖ រដ្ឋាភិបាលអង់គ្លេស សិង្ហបុរី និងកាណាដា ។

តាមរបាយការណ៍ធនាគារ Siam Commercial គឺរញ្ជួយដីនឹងប៉ះពាល់ដល់វិស័យទេសចរណ៍ថៃរយៈពេលខ្លី ហើយភ្ញៀវទេសចរបរទេសមកថៃនៅខែមេសា ឆ្នាំ២០២៥ នឹងធ្លាក់ចុះ១២% ដែលធ្វើឱ្យថៃបាត់បង់ប្រាក់ចំណូលពីការចំណាយរបស់ភ្ញៀវទេសចរបរទេស ស្មើ២ម៉ឺន១ពាន់លានបាត ។ ប៉ុន្តែវិស័យទេសចរណ៍ថៃនឹងងើបឡើងវិញឆាប់រហ័ស បើរដ្ឋាភិបាលកំណត់វិធានការផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរឡើងវិញ ។
ដោយឡែក វិស័យអចលនទ្រព្យប៉ះពាល់ខ្លាំងជាងគេដោយសាររញ្ជួយដី ទោះជាអគារជាច្រើនកន្លែងពុំបានខូចខាតដោយសារការរលំ ប៉ុន្តែការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យអាស្រ័យលើអតិថិជនមានទំនុកចិត្តដូចមុន ។ របាយការណ៍នេះបង្ហាញថា ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យនៅទីក្រុងបាងកក និងតំបន់ជុំវិញក្នុងឆ្នាំ២០២៥ គឺស្មើ៨ម៉ឺន៥ពាន់ខ្នង ធ្លាក់ចុះ០.៨% ដោយសារអតិថិជនគ្មានទំនុកចិត្តលើសុវត្ថិភាព ។

ពលរដ្ឋរស់នៅក្នុងខុនដូ និងកំពុងបង់រំលស់ខុនដូ ជាពិសេស អ្នកមានចំណូលមធ្យម និងចំណូលតិច នឹងបន្តរស់នៅក្នុងខុនដូ ដោយសារពួកគេគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ផ្លាស់ប្តូរទីលំនៅ ឬទិញផ្ទះថ្មី ។ ហេតុនេះ ម្ចាស់ខុនដូនឹងពន្លឿនការពិនិត្យសុវត្ថិភាពអគារ និងកំណត់វិធានការជួយទាន់ពេលវេលាដើម្បីឱ្យអ្នករស់នៅខុនដូអស់បារម្ភ ព្រមទាំងវិធានការជួយសង្គ្រោះពីស្ថាប័នហិរញ្ញវត្ថុ ដូចជា ៖ ការកាត់បន្ថយប្រាក់បង់រំលស់ ឬពន្យារពេលបង់រំលស់ខុនដូ ព្រមទាំងផ្តល់ប្រាក់កម្ចីសម្រាប់ជួសជុលលំនៅឋាន ។
ហេតុនេះ ផលប៉ះពាល់ដោយសាររញ្ជួយដីធ្វើឱ្យថៃបាត់បង់ប្រាក់ប្រមាណ៣ម៉ឺនលានបាត ប៉ុន្តែទឹកប្រាក់ជាក់ស្តែងអាស្រ័យលើការស្តារសេដ្ឋកិច្ចឡើងវិញរយៈពេលខ្លី ។ វាធ្វើឱ្យពលរដ្ឋថៃបារម្ភពីសុវត្ថិភាពអគារ រហូតដល់គម្រោងសាងសង់អគារនានាផ្អាកភ្លាមៗរង់ចាំការពិនិត្យសុវត្ថិភាពឡើងវិញ ។ ក្រៅពីនេះ ពលរដ្ឋថៃបានផ្អាកការចំណាយលើសេវាកម្មផ្សេងៗ, ទិញទំនិញ និងដើរលេងក្រោយរញ្ជួយដី ។ ផលប៉ះពាល់សេដ្ឋកិច្ចថៃពុំប្រាកដប្រជា ហើយអាស្រ័យលើទំនុកចិត្តរបស់ពលរដ្ឋ ភ្ញៀវទេសចរ និងវិនិយោគិនបរទេស ៕










