សហរដ្ឋអាមេរិក ៖ ប្រទេសមហាអំណាចសេដ្ឋកិច្ចលើពិភពលោក គឺអាមេរិក និងចិន បានត្រឡប់មកតានតឹងជាមួយគ្នាម្តងទៀត ក្រោយមានសេចក្តីរាយការណ៍ថា រដ្ឋាភិបាលចិនរបស់លោក ស៊ី ជិនពីង បានបង្ហាញជំហរយ៉ាងច្បាស់ថា ចិនពុំព្រមទន់ភ្លន់នឹងការប្រកាសពន្ធទំនិញលើកចុងក្រោយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ទេ គឺចិននឹងដាក់ពន្ធទំនិញអាមេរិកវិញ ៣៤% ។ ហេតុនេះ ប្រធានាធិបតីអាមេរិកស្នើឱ្យចិនលុបចោលការដាក់ពន្ធរបស់ខ្លួនជាបន្ទាន់ បើមិនដូច្នោះទេ អាមេរិកនឹងដាក់ពន្ធទំនិញចិន ៥០% ទៀត ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ថា លោកនឹងដំឡើងពន្ធទំនិញចិន ស្មើ៥០% បន្ថែមទៀត ចាប់ពីសប្តាហ៍ទី២ ខែមេសា ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំង ពុំលុបចោលវិធានការដាក់ពន្ធទំនិញអាមេរិក ស្មើ៣៤% ។ នៅថ្ងៃទី២ ខែមេសា កន្លងមក លោក Trump បានដាក់ពន្ធអប្បបរមា (Baseline Tariff) ស្មើ១០% សម្រាប់ទំនិញនាំចូលពីក្រៅប្រទេសគ្រប់ប្រភេទ និងដាក់ពន្ធខ្ពស់ (Reciprocal Tariff) លើទំនិញនាំចូលពីប្រទេសជាច្រើនដែលអាមេរិកមើលឃើញថា មានឱនភាពពាណិជ្ជកម្មខ្លាំងបំផុត ។
លោក Trump បានដាក់ពន្ធលើទំនិញចិនបន្ថែមទៀតស្មើ៣៤% ខណៈកន្លងមក អាមេរិកទើបតែដាក់ពន្ធទំនិញចិន ស្មើ២០% ដែលធ្វើឱ្យពន្ធសរុបដែលអាមេរិកដាក់លើទំនិញចិន ស្មើរហូតដល់៥៤% ។ ការដាក់ពន្ធខ្ពស់នេះធ្វើឱ្យចិនពុំពេញចិត្តយ៉ាងខ្លាំង និងដាក់ពន្ធទំនិញនាំចូលពីអាមេរិកវិញ ស្មើ៣៤% អនុវត្តចាប់ពីថ្ងៃទី១០ ខែមេសា តទៅ ។ ប៉ុន្តែលោក Trump ស្នើឱ្យចិនលុបចោលពន្ធទំនិញអាមេរិក ៣៤%នេះ បើមិនដូច្នោះទេ អាមេរិកនឹងដំឡើងពន្ធទំនិញចិន៥០% ទៀត ដែលធ្វើឱ្យពន្ធសរុបសម្រាប់ទំនិញចិន នឹងស្មើរហូតដល់១០៤%។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEganOK9wnmdKIZlMT4tkIyy954Warynlq38Z33n9j3nr_zd5ZFJZHw6vbU2YqssLmkPNDGHRCvBjvzIPIRwR-8-xYEoHH3oIRbqyGkrEtK8fadDOGqGH65QczfZEkLRovSbVmrY3qiKw3-Upm41hA-_6EryOxTG3jfKz0a4l2Ou5CaArNWveytdcbHYTaCc/s3000/image_2025-04-09_14-13-23.png
លោក Trump បានសរសេរក្នុងបណ្តាញសង្គម Truth Social ថា ៖ «កាលពីថ្ងៃទី៦ ខែមេសា ចិនបានប្រកាសដាក់ពន្ធទំនិញអាមេរិក ស្មើ៣៤% បន្ថែមលើពន្ធគយយ៉ាងខុសច្បាប់ ។ ខ្ញុំបានដាស់តឿនហើយថា ប្រទេសនានាដែលដាក់ពន្ធទំនិញអាមេរិកវិញ ប្រទេសនោះនឹងប្រឈមជាមួយការដាក់ពន្ធទំនិញខ្ពស់ជាងមុន ។ ហេតុនេះ បើចិនពុំព្រមដកថយការដាក់ពន្ធទំនិញអាមេរិក ស្មើ៣៤% ទេ អាមេរិកនឹងដាក់ពន្ធលើទំនិញចិន ៥០% បន្ថែមទៀត ដោយអនុវត្តចាប់ពីថ្ងៃទី៩ ខែមេសា» ។

លោកបន្តថា ក្រៅពីចិនប្រឈមនឹងការដំឡើងពន្ធទំនិញខ្ពស់ជាងមុនហើយ អាមេរិកនឹងលុបចោលការសុំជួបចរចាពាណិជ្ជកម្មរបស់ចិនទាំងអស់ ។ រីឯប្រទេសផ្សេងៗដែលសុំចរចាពាណិជ្ជកម្មជាមួយអាមេរិក គឺយើងនឹងចាប់ផ្តើមចរចាភ្លាមៗ ។
គួរបញ្ជាក់ថា ការប្រកាសដាក់ពន្ធទំនិញចិន ៥០% លើកចុងក្រោយនេះ គឺជាការឈានទៅរកសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរលើពិភពលោក ដោយសាររដ្ឋាភិបាលចិននៅតែប្រកាន់ជំហរតឹងរ៉ឹងពុំទទួលយកការដាក់សម្ពាធពីអាមេរិក ។ សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន នឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក នាថ្ងៃអនាគតដ៏ខ្លី ៕










