ឃើញមានការគាំទ្របទ «Call Me Papa» ពីសំណាកតារាថៃតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ថាបើសិនជាអ្នកមានគំនិតជាតិនិយមពិតប្រាកដនឹងឃើញតម្លៃបទចម្រៀងនេះដល់ជាតិរួមចំណែកដល់វិស័យទេសចរណ៍ តែបើមានគំនិតបុគ្គលឬក្រុមនិយមនឹងមើលឃើញតម្លៃផ្សេង។ ការលើកឡើងរបស់តារាចម្រៀងរូបនេះអ្នកមួយចំនួនថាទទួលស្គាល់បទនេះមានភាពល្បីល្បាញមានការចាក់ស្តាប់សឹងតែគ្រប់ទីកន្លែងទាស់ត្រង់ថា Caption វែងឆ្ងាយ អ្នកខ្លះក៏ថាតារាចម្រៀងរូបនេះខុសពីមុនមានការរៀបរាប់ច្រើន។

បទចម្រៀងមួយបទរបស់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត មានចំណងជើងថា «Call Me Papa» ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាកទស្សនិកជនក្នុងស្រុកនិងក្រៅស្រុក សូម្បីតែក្មេងៗក៏ពេញនិយមស្តាប់បទនេះ និងឮបទនេះសឹងតែគ្រប់ទីកន្លែង។ ថ្មីៗនេះអ្នកគាំទ្រក៏បានចែករំលែកនៅលើបណ្តាញសង្គមទិកតុកបានឃើញក្រុមតារាថៃដែលបានមកសម្តែងនៅកម្ពុជាបានជ្រើសបទនេះសម្តែងជូនអ្នកគាំទ្រកម្ពុជា។

ទន្ទឹមនឹងភាពល្បីល្បាញនៃបទចម្រៀងនេះដែលមានតារាថៃជ្រើសរើសយកទៅសម្តែងយ៉ាងឡូយនៅឯកម្មវិធីជួបជុំអ្នកគាំទ្រម្ចាស់បទផ្ទាល់គឺឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហាញពីអារម្មណ៍របស់ខ្លួនមានមោទនភាពចំពោះបទចម្រៀងនេះ។ លោកបានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី៧ មេសា ថា «បទ Call me papa នេះហើយដែលធ្វើឱ្យខ្ញុំនិងក្រុមការងារមានមោទនភាពបំផុតព្រោះបទនេះបាននាំតន្ត្រីកម្ពុជាទៅកាន់ពិភពលោកបាន ពួកគាត់ពិតជាសម្ដែងបានយ៉ាងល្អឥតខ្ចោះខ្ញុំសូមសរសើរ។ បើសិនជាយើងមានគំនិតជាតិនិយមពិតប្រាកដយើងនឹងមើលឃើញតម្លៃបទចម្រៀងនេះយ៉ាងណាដល់ជាតិ និងរួមចំណែកដល់វិស័យទេសចរណ៍យ៉ាងណាហើយ តែបើយើងមានគំនិតបុគ្គលឬក្រុមនិយមយើងនឹងមើលឃើញតម្លៃផ្សេង»។
ការលើកឡើងរបស់តារាចម្រៀងមានងារជាឧកញ៉ារូបនេះបានធ្វើឱ្យទស្សនិកជនចូលរួមបញ្ចេញមតិយោបល់ជាច្រើនមានអ្នកគាំទ្រក៏បង្ហាញការអបអរ ចំណែកមួយផ្នែកទៀតបានបញ្ចេញទស្សនៈរបស់ពួកគេ។ អ្នកលេងបណ្តាញសង្គមបានខម្មិនថា «បទហ្នឹងល្អហើយ តែក្នុង caption គឺបងនិយាយច្រើនពេក ចឹងទៅវាអត់សូវមានន័យអីសោះ។ ពាក្យចាស់ពោលថា៖ អ្នកចេះគេមិននិយាយតាប៉ែច្រើនទេ។ , ពួកយើងពិតជាទទួលស្គាល់ថាបទបងពិតជាល្បីដល់ពិភពលោកច្រើនបទមែន រហូតមានគេច្រៀងតាម និងរាំតាមអ្នកណាក៏បានដឹងអ្នកណាក៏បានឃើញដែរទោះបងមិននិយាយមិនបង្ហោះក៏ដោយ។ ដូច្នេះបងមិនចាប់បាច់រៀបរាប់រ៉ាយរាប់ច្រើនទេ ទស្សនិកជនគាត់ចេះមើលហើយបងសម្លាញ់ឧកញ៉ាខេមរៈសេរីមន្ត។»។
អ្នកផ្សេងទៀតបានខម្មិនថា «ចាំបាច់សរសេរនិយាយបង្កប់ន័យដៀមដាមធ្វើអី ?ជាតារាចម្រៀងតែងតែមានអ្នកគាំទ្រ និង មិនគាំទ្រហើយ។ តែខ្ញុំជឿថាគ្រប់តារាទាំងអស់មានគោលបំណងតែមួយគឺ ចង់ឱ្យពិភពលោកស្គាល់នៅប្រទេសកម្ពុជា។ បទហ្នឹងខ្ញុំចាក់អោយក្មួយខ្ញុំរាំរាល់ថ្ងៃតែទាស់ត្រង់ថា Caption រៀបរាប់ច្រើនពេកបទនេះទទួលយកបានបង តែបទខ្លះក៏មិនកើតមែន»។
ទោះយ៉ាងណាតាមរយៈការខម្មិនពីអ្នកមួយចំនួននៅលើបណ្តាញសង្គមតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានចូលទៅឆ្លើយតបបង្ហាញថាមានគណនីក្លែងក្លាយចូលមកខម្មិនគំនិតមិនល្អច្បាស់ៗ របស់អ្នកបុគ្គលនិយមមិនសប្បាយចិត្តអ្នកដែលផ្សេងធ្វើល្អជាងខ្លួនទើបមិនសាទរ៕










