ប្រទេសចិន ៖ រដ្ឋាភិបាលចិនស្ថិតក្រោមការគ្រប់គ្រងរបស់លោក ស៊ី ជិនពីង បានបន្ថែមឈ្មោះក្រុមហ៊ុនអាមេរិកចំនួន១១ រួមទាំងក្រុមហ៊ុន Skydio និង BRINC Drones បញ្ចូលក្នុងបញ្ជីអាជីវកម្មពុំគួរឱ្យទុកចិត្ត ។ ការបន្ថែមឈ្មោះក្រុមហ៊ុនអាមេរិកនេះ កើតឡើងក្រោយពីចិនទើបតែដំឡើងពន្ធទំនិញអាមេរិកវិញ ដើម្បីឆ្លើយតបនឹងប្រធានាធិបតីអាមេរិក លោក Donald Trump ដាក់ពន្ធទំនិញនាំចូលពីប្រទេសនានា រួមទាំងចិន ។
.png)
កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មានស៊ីនហួររាយការណ៍ថា បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិន គឺក្រុមហ៊ុនអាមេរិកទាំង១១នេះ បានសហការគ្នាធ្វើអាជីវកម្មផ្នែកបច្ចេកវិទ្យាកងទ័ពជាមួយតៃវ៉ាន់ ដោយពុំពិចារណាពីការប្រឆាំងរបស់រដ្ឋាភិបាលក្រុងប៉េកាំង ។ រដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកថា ការសហការគ្នានេះបានបំផ្លាញអធិបតេយ្យភាពជាតិ សន្តិសុខ និងការអភិវឌ្ឍរបស់ចិនយ៉ាងខ្លាំង ។
.png)
ហេតុនេះ ក្រុមហ៊ុនអាមេរិកទាំង១១ ត្រូវតែទទួលខុសត្រូវចំពោះអាជីវកម្មខុសច្បាប់របស់ខ្លួន ខណៈការចាត់វិធានការរបស់ចិនបានអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ។ ចិនតែងតែចាត់វិធានការបញ្ចូលឈ្មោះក្រុមហ៊ុនបរទេសទៅក្នុងបញ្ជីអាជីវកម្មពុំគួរឱ្យទុកចិត្ត ចំពោះក្រុមហ៊ុនណាដែលចិនមើលឃើញថា បានធ្វើអាជីវកម្មប៉ះពាល់ដល់សន្តិសុខជាតិ រីឯក្រុមហ៊ុនបរទេសដែលស្មោះត្រង់ និងអនុវត្តតាមច្បាប់ ពុំចាំបាច់បារម្ភពីការបញ្ចូលឈ្មោះទេ ។
.png)
ជាមួយគ្នានេះ រដ្ឋាភិបាលចិនរីករាយទទួលស្វាគមន៍ក្រុមហ៊ុនមកពីគ្រប់ប្រទេសចូលមកវិនិយោគ និងប្រកបអាជីវកម្មនៅប្រទេសចិន ដោយរដ្ឋាភិបាលចិននឹងផ្តល់ឱ្យនូវបរិយាកាសធុរកិច្ចប្រកបដោយស្ថិរភាព និងស្មើភាព ដើម្បីឱ្យក្រុមហ៊ុនបរទេសអាចដំណើរការនៅចិនដោយស្របច្បាប់ ។
គួរបញ្ជាក់ថា ក្រោយពីលោក Trump បានដាក់ពន្ធទំនិញនាំចូលពីប្រទេសនានា រួមទាំងចិន បានធ្វើឱ្យពិភពលោក បារម្ភពីផលប៉ះពាល់សេដ្ឋកិច្ចអាចកើតឡើងជាបន្តបន្ទាប់ ។ ហេតុនេះ ប្រទេសជាង៥០ បានសុំចរចាជាមួយអាមេរិកពីបញ្ហាការដាក់ពន្ធលើទំនិញនាំចូល ប៉ុន្តែចិនពុំបានចរចាជាមួយអាមេរិកទេ គឺចិនបានដាក់ពន្ធទំនិញអាមេរិកភ្លាមៗ ព្រមទាំងចាត់វិធានការឆ្លើយតបទៅអាមេរិក ដូចជា ៖ បន្ថែមឈ្មោះក្រុមហ៊ុនអាមេរិកចំនួន១១ បញ្ចូលក្នុងបញ្ជីអាជីវកម្មពុំគួរឱ្យទុកចិត្ត ៕









