បន្ទាប់ពីមានសង្គ្រាមពាក្យសម្តីយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គមកាលពី១ឆ្នាំមុន ពេលនេះតារារ៉េប ខ្មែរមួយជីវិត និង តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានជួបគ្នាដោយផ្ទាល់ចាប់ដៃគ្នាយ៉ាងមានភាពរីករាយ។ ក្នុងនោះ ឧកញ៉ា ខេមរៈ សិរីមន្ត ថាខ្មែរមួយជីវិតមកពីអាម៉េរិកស្កាត់មកលេងខ្លួន ខណៈ ខ្មែរមួយជីវិត ថាពេលមកជួបផ្ទាល់ទើបដឹងថារៀមច្បងពិតជាគួរឱ្យគោរពមែន។

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាតារារ៉េបខ្មែរមួយជីវិត បានមកដល់ទឹកដីកម្ពុជាមួយរយៈមកហើយដោយលោកបានសម្តែងនៅទីតាំងមួយចំនួនទាំងនៅខេត្តនិងរាជធានីភ្នំពេញដោយដំណើរមកដល់របស់តារារ៉េបរូបនេះគឺតារាចម្រៀង Kwan បានទៅទទួលរៀមច្បងផងដែរ។

ក្នុងពេលនៅលើទឹកដីប្រទេសកម្ពុជាទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះតែបានឃើញ ខ្មែរមួយជីវិត និងតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានមកជួយគ្នាដោយផ្ទាល់ខណៈអ្នកទាំងពីរធ្លាប់ប៉ះពារសម្តីគ្នាយ៉ាងក្តៅគគុកកាលពីជាង១ឆ្នាំមុន។ ឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះវីដេអូខ្លីមួយកាលពីរសៀលថ្ងៃទី៣ ខែមេសា ជាមួយនឹងសំណេរថា «អរគុណប្អូនខ្មែរមួយជីវិតដែលមកពីសហរដ្ឋអាម៉េរិកហើយស្កាត់មកលេងបង ខ្មែរស្រលាញ់ខ្មែរ…»។
រូបភាពដែលអ្នកទាំងពីរចាប់ដៃគ្នា ថតរូបជាមួយគ្នាគោរពគ្នាទៅវិញទៅមកនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។ ជាមួយនឹងការបង្ហោះរបស់ឧកញ៉ា ខេមរៈ សិរីមន្ត តារារ៉េបខ្មែរមួយជីវិត បានចែករំលែកបន្តហើយបានបង្ហាញពីអារម្មណ៍របស់ខ្លួនថា «អរគុណបង ចំពោះការណាត់ជួបជាមួយប្អូន ពេលជួបបងផ្ទាល់ទើបដឹងថាបងពិតជារៀមច្បងគួរឱ្យគោរពមែន»។

គេចាំបានថាកាលពីខែមករា ឆ្នាំ២០២៤ តារារ៉េប ខ្មែរមួយជីវិត និងតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានប៉ះពារសម្តីគ្នាយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គមបន្ទាប់ពី ខ្មែរមួយជីវិត លើកឈ្មោះចំៗរៀមច្បងរូបនេះនិងរៀមច្បងឧកញ៉ា ព្រាប សុវត្ថិ នៅក្នុងកម្មវិធីផតខាស់មួយដោយមានចង់ឱ្យអាយដលទាំងពីរផលិតបទចម្រៀងតាមបែបផែនរបស់ខ្លួនច្រើនជាងប្រឡូកលើចង្វាក់ហ៊ីបហប។
ការលើកឈ្មោះចំៗរបស់ខ្លួនបែបនេះរបស់ ខ្មែរមួយជីវិត បានធ្វើឱ្យឧកញ៉ា ខេមរៈ សិរីមន្ត បានបញ្ចេញមកប្រតិកម្មមិនពេញចិត្តការនិយាយរបស់តារារ៉េបខ្មែរមួយជីវិត។ ក្នុងនោះតារាចម្រៀងមានងារជាឧកញ៉ារូបនេះបាននិយាយថាកុំឱ្យមានចិត្តចង្អៀតចង្អល់រយៈពេលជាង២០ឆ្នាំក្នុងអាជីពចង្វាក់អ្វីលោកក៏ធ្លាប់ច្រៀងហើយថា ខ្មែរមួយជីវិត គ្មានសិទ្ធិចាត់ចែងនោះទេទីផ្សារសេរីអ្នកណាធ្វើអ្វីបានទៅតាមសមត្ថភាពរៀងៗខ្លួន។ ខ្មែរមួយជីវិត ក៏បានឆ្លើយតបទៅរៀមច្បងវិញថាទីផ្សារសេរីលោកបងចង់ច្រៀងអីច្រៀងទៅ សមឬមិនសម ស្រេចចិត្ត៕










