រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានស្នើឱ្យពលរដ្ឋកុំមានការព្រួយបារម្ភចំពោះវិធានការដំឡើងពន្ធចំនួន ៤៩% របស់សហរដ្ឋអាមេរិកមកលើទំនិញកម្ពុជា។
លោកជំទាវ ចម និម្មល បានដាក់ចេញវិធានការបន្ទាន់ ដោយណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន សហការសិក្សាលើបញ្ហានេះ និងបង្កើតការឆ្លើយតបជាយុទ្ធសាស្ត្រទាន់ពេលវេលា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រត្តិការ និងជំរុញពាណិជ្ជកម្មជាមួយភាគីសហរដ្ឋអាម៉េរិក និងដៃគូពាណិជ្ជកម្មផ្សេងៗទៀត ស្របតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងច្បាប់អន្តរជាតិ។
ដោយឡែក ចំពោះព័ត៌មានដែលថា កម្ពុជា បានកំណត់ពន្ធនាំចូលទំនិញពីសហរដ្ឋអាមេរិក រហូតដល់ ៩៧ភាគរយ ត្រូវបានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្វើការច្រានច្រោល និងចាត់ទុកថាពុំមានមូលដ្ឋានត្រឹមត្រូវ ខណៈកម្ពុជា បានកំណត់ពន្ធលើទំនិញអាមេរិកត្រឹមតែ ២៩,៤ភាគរយប៉ុណ្ណោះ។
បន្ថែមពីនេះកម្ពុជា ក៏បានអនុវត្តការកំណត់ពន្ធគយទៅតាមក្របខណ្ឌច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ចន្លោះអត្រាពន្ធពី ០ដល់ ៣៥% ទៅលើសមាជិកទាំងអស់របស់អង្គការនេះ ក្នុងនោះរួមទាំងសហរដ្ឋអាម៉េរិកផងដែរ។
គួរបញ្ជាក់ថា ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាម៉េរិក មានទំហំទឹកប្រាក់ជាង ១២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ខណៈការនាំចូលរបស់កម្ពុជា ពីសហរដ្ឋអាម៉េរិកមកវិញ មានតម្លៃទឹកប្រាក់ជាង ៣០០លានដុល្លារប៉ុណ្ណោះ ក្នុងឆ្នាំ ២០២៤៕










