ប្រទេសចិនបានផ្តួចផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់នៅដែលខ្លួនហៅថាជា “ការព្រមានយ៉ាងតឹងរ៉ឹង” ដែលប្រឆាំងនឹងសកម្មភាពបំបែកខ្លួនរបស់តៃវ៉ាន់។ វាបានធ្វើឡើងបន្ទាប់ពីមានការលើកឡើងរបស់ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ ដែលបានហៅទីក្រុងប៉េកាំងថាជា “កម្លាំងសត្រូវបរទេស”។ សមយុទ្ធនេះរៀបចំឡើងដោយកងទ័ពជើងទឹក និងកងកម្លាំងរ៉ុក្កែតរបស់ប្រទេសចិន រួមមានការសមយុទ្ធត្រៀមប្រយុទ្ធ ការវាយប្រហារតាមដែនសមុទ្រ ដីគោក និងសេណារីយ៉ូបិទផ្លូវ។
រដ្ឋាភិបាលរបស់តៃវ៉ាន់បានប្រតិកម្មយ៉ាងខ្លាំងនឹងវីដេអូរបស់យោធាចិនដាក់ឈ្មោះលោក ឡៃ ឈីងតេ ថាជា “ប៉ារ៉ាស៊ីត” ដែលបង្ហាញរូបគាត់ក្នុងលក្ខណៈបែបតុក្កតា និងប្រមាថមើលងាយ ដោយរដ្ឋមន្ត្រីការពារជាតិរបស់តៃវ៉ាន់បានហៅសកម្មភាពបែបនេះថាមិនត្រឹមតែជាការបង្កហេតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។

ជាការឆ្លើយតប តៃវ៉ាន់បានចល័តនាវាចម្បាំង យន្តហោះ និងប្រព័ន្ធមីស៊ីល ដើម្បីតាមដានស្ថានការណ៍យ៉ាងដិតដល់។ រដ្ឋាភិបាលរបស់កោះតៃវ៉ាន់បានអះអាងជាថ្មីនូវជំហររបស់ខ្លួនថាការសម្រេចចិត្តអំពីអនាគតរបស់កោះនេះគឺស្ថិតនៅលើប្រជាជនរបស់ខ្លួនតែប៉ុណ្ណោះ ដោយបានច្រានចោលការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានធ្វើទស្សនកិច្ចនៅអាស៊ី ដើម្បីពង្រឹងសម្ព័ន្ធភាព ដែលអាចមានឥទ្ធិពលលើសក្ដានុពលក្នុងតំបន់។ អ្នកវិភាគជឿថា ប្រទេសចិនបានជ្រើសរើសពេលវេលាជាក់លាក់នេះសម្រាប់ធ្វើសមយុទ្ធរបស់ខ្លួន ដើម្បីដាក់សម្ពាធដោយប្រយោលដល់តៃវ៉ាន់ ខណៈពេលដែលជៀសវាងការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក។ នេះមានសារៈសំខាន់ ខណៈដែលទាំងប្រទេសចិន និងសហរដ្ឋអាមេរិកក៏កំពុងរៀបចំសម្រាប់ការចរចាពាណិជ្ជកម្មផងដែរ ហើយប្រទេសចិនទំនងជាចង់រក្សាតុល្យភាព ដើម្បីជៀសវាងភាពតានតឹងដែលអាចកើនឡើងខ្លាំងពេក។

លើសពីនេះទៀត ចារកម្មពីតៃវ៉ាន់បង្ហាញថា ចិនអាចនឹងប្រើសមយុទ្ធទាំងនេះ ដើម្បីបង្វែរការផ្តោតអារម្មណ៍របស់យោធាខ្លួនពីបញ្ហាផ្ទៃក្នុង រួមទាំងការស៊ើបអង្កេតអំពើពុករលួយ ដែលបានធ្វើឱ្យរង្គោះរង្គើដល់ការបង្កើតវិស័យការពារជាតិនាពេលថ្មីៗនេះ។នេះបើតាមគេហ័ទំព័រសារព័ត៌មានបរទេស CNN៕










