សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងទៅកាន់គណៈរដ្ឋមន្ត្រី និងមន្ត្រីជិតស្និទ្ធថា លោក Elon Musk មហាសេដ្ឋីបច្ចេកវិទ្យានាំមុខគ្រោងលាលែងពីតួនាទីមន្ត្រីពិសេសក្នុងក្រសួងប្រសិទ្ធភាពរបស់រដ្ឋាភិបាលអាមេរិក ដើម្បីងាកទៅផ្តោតលើការងារអាជីវកម្មរបស់លោកវិញ ។ នេះបើតាមចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ដែលទទួលបានព័ត៌មានច្បាស់ការណ៍ពីមន្ត្រីជិតស្និទ្ធរបស់លោក Trump ។

លោក Elon Musk ជានាយកក្រុមហ៊ុន Tesla និង Space X ត្រូវបានលោក Trump តែងតាំងឱ្យធ្វើជាមន្ត្រីក្រសួងប្រសិទ្ធភាពរបស់រដ្ឋាភិបាល (DOGE) ដែលបំពេញតួនាទីកាត់បន្ថយការចំណាយប្រាក់របស់រដ្ឋាភិបាល និងបិទស្ថាប័នមួយចំនួន ហើយលោកមានឋានៈជាមន្ត្រីពិសេសរបស់រដ្ឋាភិបាលអាមេរិក ។ បើទោះជាគ្មានការបញ្ជាក់ពេលវេលាច្បាស់លាស់ពីការលាលែងតួនាទីមន្ត្រីក្រសួងប្រសិទ្ធភាពរបស់រដ្ឋាភិបាលអាមេរិក ប៉ុន្តែមានសេចក្តីរាយការណ៍ថា លោក Trump និងលោក Elon Musk បានព្រមព្រៀងគ្នាកន្លងមក គឺលោក Elon Musk នឹងត្រឡប់ទៅផ្តោតលើការងារអាជីវកម្មរបស់លោកវិញ នាពេលឆាប់ៗ ។
.jpg)
ចំណែកក្រសួងប្រសិទ្ធភាពរបស់រដ្ឋាភិបាល (DOGE) ពុំទាន់ចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងលោក Elon Musk លាលែងពីមន្ត្រីពិសេសរបស់រដ្ឋាភិបាលទេ ប៉ុន្តែលោក Elon Musk និយាយថា លោកនឹងលាលែងពីការងារជាមន្ត្រីពិសេសរបស់រដ្ឋាភិបាលនាពេលឆាប់ៗនេះ ។ ក្រោយពីមានព័ត៌មានការចាកចេញរបស់លោក Elon Musk បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ដែលកាលពីមុនធ្លាក់ចុះ២% ដោយសារការលក់រថយន្តធ្លាក់ចុះកាលពីត្រីមាសទី១ ឆ្នាំ២០២៤ បានកើនឡើងរហូតដល់៥% ។.jpg)
ទោះយ៉ាងណា ការលាលែងពីតួនាទីជាមន្ត្រីពិសេសរបស់រដ្ឋាភិបាលអាមេរិក ពុំមានន័យថា ក្រសួងប្រសិទ្ធភាពរបស់រដ្ឋាភិបាល (DOGE) នឹងបញ្ចប់ដំណើរការត្រឹមនេះទេ ។ បើតាមបទបញ្ជារបស់លោក Trump ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ គឺកំណត់ឱ្យភារកិច្ចរបស់ក្រុមមន្ត្រី DOGE មានតួនាទីសន្សំសំចៃប្រាក់រដ្ឋាភិបាល រហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ។
គួរបញ្ជាក់ថា តាំងពីលោក Elon Musk បំពេញតួនាទីជាមន្ត្រីពិសេសក្នុងក្រសួងប្រសិទ្ធភាពរបស់រដ្ឋាភិបាលអាមេរិក បានធ្វើឱ្យចំនួនលក់រថយន្ត Tesla ធ្លាក់ចុះខ្លាំង ។ នៅតាមរដ្ឋជាច្រើនបានប្រឆាំងនឹងរថយន្ត Tesla ដោយការដាក់គ្រាប់បែកផ្ទុះ និងដុតរថយន្តជាបន្តបន្ទាប់ ដោយសារមនុស្សមួយចំនួនពុំពេញចិត្តនឹងលោក Elon Musk កាត់បន្ថយការចំណាយប្រាក់រដ្ឋាភិបាល និងរំលាយស្ថាប័នរដ្ឋជាច្រើន ៕










