ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កោះនានារបស់ប្រទេសកម្ពុជាយើងហាក់ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយសារតម្លៃសមរម្យ ទេសភាពធម្មជាតិស្រស់បំព្រង បូករួមជាមួយអាហារប្រណីតៗ ខ្យល់អាកាសត្រជាក់បរិសុទ្ធ និងទីធ្លារធំទូលាយ។ ជាការពិតណាស់នៅក្នុងប្រទេសកម្ពុជារបស់យើងគឺមានកោះធំៗនិងស្រស់ស្អាតជាច្រើនកន្លែង ដូច្នេះហើយតើលោកអ្នកដឹងទេថា កោះណាខ្លះដែលមានទំហំធំជាងគេបំផុត?
១.កោះកុងក្រៅ៖ កោះនេះស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលមានផ្ទៃដីប្រមាណ ៨០ គីឡូម៉ែត្រការ៉េ និងមានកម្ពស់ប្រហែល ៤១០ ម៉ែត្រ លាតសន្ធឹងសន្ធឹងលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយរបស់កម្ពុជា ជាប់ជាមួយនឹងឈូងសមុទ្រថៃ។ តំបន់កោះកុងក្រៅមានឆ្នេរចំនួន៧ ដែលឆ្នេរនីមួយៗសុទ្ធតែមានខ្សាច់សក្បុស ល្អស្អាត និងភាពទាក់ទាញរៀងៗខ្លួន។ តំបន់កោះកុងក្រៅនេះក៏ជាតំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិជាពិសេសជីវចម្រុះ ចំណែកឯការស្នាក់នៅវិញ ភ្ញៀវទេសចរអាចបោះតង់បានយ៉ាងងាយស្រួលនៅលើទីធ្លាឆ្នេរ ដែលលាតសន្ធឹងជាច្រើនម៉ែត្រ និងអាចចាប់ក្ដាម ចាប់មឹក ឬស្ទូចត្រីនៅទីនោះដើម្បីធ្វើជាអាហារទទួលទានខ្លួនឯងផ្ទាល់តែម្តងក៏បាន។
២.កោះរ៉ុង៖ កោះរ៉ុងគឺជាកោះមួយស្ថិតក្នុងខេត្តព្រះសីហនុ ដែលមានផ្ទៃដីទំហំ ៧៨ គីឡូម៉ែត្រការ៉េ និងមានកំពស់ ១៣៣ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ កោះនេះគឺជាគោលដៅទេសចរណ៍ដែលពេញនិយមនិងស្រស់ស្អាតបំផុតនៃតំបន់កំពង់សោម ហើយត្រូវបានគេស្គាល់ថាជា “កោះឋានសួគ៌”។ វាផ្តល់នូវភាពអស្ចារ្យនៃទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់ពណ៌សរក្បុស ស្រស់ស្អាត ជំនោរសមុទ្រដ៏បរិសុទ្ធជាមួយនិងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបាន។

៣.កោះថ្មី៖ កោះថ្មីមានទីតាំងស្ថិតក្នុងឧទ្យានជាតិរាម ខេត្តព្រះសីហនុ ដែលមានផ្ទៃដី ៤០ គីឡូម៉ែត្រការ៉េ និងមានឆ្នេរ ២៧ គីឡូម៉ែត្រ។ កោះដ៏ស្រស់ស្អាតនេះ គ្របដណ្ដប់ដោយដើមឈរតូចធំរាប់ពាន់ដើម បង្កើតបានជាម្លប់ ក៏ដូចជាទិដ្ឋភាព សោភណ្ឌភាពស្រស់ស្អាតទាក់ភ្នែក ទាក់អារម្មណ៍ និងមានភាពស្ងប់ស្ងាត់បំផុត សម្រាប់ភ្ញៀវទេសចរណាដែលចង់បានភាពស្ងប់សុខក្នុងផ្លូវអារម្មណ៍នោះ “កោះថ្មី” ទំនងជាគោលដៅលំហែដ៏ស័ក្តសមបំផុត។.png)
៤.កោះរ៉ុងសន្លឹម៖ កោះរ៉ុងសន្លឹម ជាកោះមួយស្ថិតក្នុងខេត្តព្រះសីហនុ ដែលកោះនេះមានចំងាយប្រហែល ៤ គីឡូម៉ែត្រពីកោះរ៉ុង។ វាមានទំហំផ្ទៃដី ៥ ពាន់ហិកតា និងមានឆ្នេរខ្សាច់លាតសន្ធឹងជាង ១ គីឡូម៉ែត្រ។ កោះរ៉ុងសន្លឹមបានជួយអភិវឌ្ឍជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងច្រើន បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតរបស់ប្រទេសកម្ពុជាយើង។

៥.កោះសេះ៖ កោះសេះមានទីតាំងនៅឈូងសមុទ្រថៃ ក្នុងឧទ្យានជាតិរាម ខេត្តព្រះសីហនុ។ វាមានចម្ងាយ ១.៥ គីឡូម៉ែត្រខាងត្បូងកោះថ្មី ដែលកោះនេះមានវិសាលភាពទំហំ ៥០០ ហិចតា ហើយសព្វថ្ងៃពុំទាន់ឃើញមានភ្ញៀវទេសចរណ៍ច្រើនទៅកំសាន្តនៅទីនោះនៅឡើយទេ។ ប្រសិនបើបងប្អូនមានបំណងចង់ទៅទស្សនាកន្លែងនោះ បងប្អូនអាចទៅកំពង់ផែកោះខ្យងរបស់ខេត្តព្រះសីហនុ រួចស្នើរទូកដែលមានទិសដៅទៅកោះថ្មី ដើម្បីជូនទៅកោះសេះ ព្រោះកោះថ្មីខេត្តព្រះសីហនុមានចម្ងាយជិតកោះសេះ៕










