«ប្រាសាទភ្នំពណ្ណរាយ» ដែលស្ថិតនៅលើកំពូលភ្នំមានកំពស់ប្រមាណ ១៤០ ម៉ែត្រក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង គឺជាប្រាសាទបុរាណខ្មែរដែលមានអាយុកាលជាង ១ ពាន់ឆ្នាំហើយ ខណៈបច្ចុប្បន្នប្រាសាទនេះរៀងឯការបន្តិច ដោយសារមិនសូវមានភ្ញៀវទេសចរមកទស្សនាកម្សាន្តនោះទេ។ 
ប្រាសាទភ្នំពណ្ណរាយមានប្រាង្គពីរបែមុខទៅទិសខាងលិច កសាងឡើអំពីឥដ្ឋ និងថ្មភក់នៅអំឡុងសតវត្សទី ៩ ដោយបុព្វបុរសខ្មែរ ដើម្បីឧទ្ទិសទៅដល់ព្រហ្មញ្ញសាសនា។ ដើម្បីធ្វើដំណើរទៅកំសាន្តនៅប្រាសាទដ៏ចំណាស់មួយនេះ ភ្ញៀវទេសចរត្រូវជិះរថយន្ត ឬទោចក្រយានយន្ត ឆ្លងដរចម្លងនៅចំណុចផែនៅចុងកោះផ្សារក្រោម ក្នុងភូមិផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ទៅកាន់ទីរួមស្រុកកំពង់លែង ហើយត្រូវបន្តដំណើរតាមផ្លូវកៅស៊ូ និងផ្លូវគ្រួសក្រហម ប្រមាណ ៣០ គីឡូម៉ែត្រទៀតទើបទៅដល់គោលដៅ។ 
នៅពេលទៅដល់លោកអ្នកត្រូវឡើងជណ្តើរបេតុងចំនួន ២០៨ កាំទៀត ទើបទៅដល់ប្រាសាទពណ្ណរាយតែម្តង។ នៅលើកំពូលភ្នំលោកអ្នកនឹងបានឃើញតួរប្រាសាទ ២ ឈរទន្ទឹមគា្ននៅ លើទំហំផ្ទៃដីប្រមាណជាង ៥០ ម៉ែត្រ ៤ជ្រុងតែប៉ុណ្ណោះ។ នៅក្នុងប្រាសាទគេមិនមានឃើញអ្វីសេសសល់នោះទេ ដោយសារប្រាសាទបានរងការខូចខាតទ្រុឌទ្រោមយ៉ាងច្រើន ដោយកត្តាធម្មជាតិ និងទៅតាមវ័យចំណាស់របស់ប្រាសាទ។
បច្ចុប្បន្នប្រាសាទភ្នំពណ្ណរាយត្រូវបានមើលថែទាំយ៉ាងយកចិត្តទុកដាក់ ដោយសារតែប្រាសាទនេះមានសភាពទ្រុឌទ្រោមខ្លាំង ដូច្នេះត្រូវតែមើលការគាំពារ ដើម្បីកុំឱ្យប្រាសាទបាក់រលំតែប៉ុណ្ណោះ ហេតុនេះទាន់ប្រាសាទនៅមានរូបរាងល្អ ភ្ញៀវទេសចរដែលបានទៅលេងខេត្តកំពង់ឆ្នាំង គួរទៅទស្សនាប្រាសាទភ្នំពណ្ណរាយឱ្យបានម្តងក្នុងមួយឆាកជីវិត៕










