ដើមឈើចំណាស់ ដ៏ធំមួយដើមនៅក្នុងបរិវេណប្រាសាទអង្គរ ដែលបានដួលរលំ ត្រូវបានមន្រ្តីជំនាញអារជាកង់ៗ យកទៅផ្ស៉ាំនៅក្នុងចំការក្រញូងហើយ ដើម្បីអោយវាមានជីវិតនិងដាក់ដាំឡើងវិញ។

ដើមកំណើតនៃដើមឈើនេះ គឺជាដើម ស្វាយព្រៃ ប៉ុន្តែមានដើមជ្រៃស្លឹកធំ ដុះចាក់ទម្លុះ និងដើមជ្រៃតូចចាក់ឫសព័ទ្ធជុំវិញ បង្កើតបានជាឈើមួយដើមដែលធំដូចនេះ។ ដោយឡែកកាលពីល្ងាច ថ្ងៃ ទី ១៦ ខែមីនា ឆ្នាំ ២០២៥ មានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្លាំង ទើបបណ្តាលឱ្យដើមឈើ ដែលមានប្រហោងក្នុងស្រាប់ផងនោះ រលើងដល់គល់ បាក់ដួលរលំទាំងស្រុង។ ក្រោយមកត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប សហការជាមួយមន្ត្រីអាជ្ញាធរអប្សរា សម្រេចយកម៉ាស៊ីនអារជាកង់ៗ ដើម្បីនាំយកទៅផ្សាំ សម្រាប់ទុកដាំឡើងវិញ។ 
ដោយមានការណែនាំពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ មន្ត្រីរដ្ឋបាលព្រៃឈើ សហការជាមួយមន្ត្រីអាជ្ញាធរជាតិអប្សរា បានចុះមកត្រួតពិនិត្យ និងកាត់ដើមឈើខាងលើប្រវែង ៧ម៉ែត្រ ដើម្បីយកទៅផ្សាំដាំនៅក្នុងចំការពូជឈើគ្រញូងដែលស្ថិតនៅក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

យ៉ាងណាមិញ ការសង្គ្រោះដើមឈើ ដែលត្រូវខ្យល់បោកបក់ បណ្តាលឱ្យបា.ក់រលំនេះ គឺមិនអាចជួយវាអោយមានជីវិតមកវិញបានទាំងស្រុងនោះទេ ព្រោះដើមស្វាយព្រៃ មិនអាចបន្តរស់ឡើយ ប៉ុន្តែសម្រាប់ដើមជ្រៃ២ប្រភេទ គឺជ្រៃស្លឹកធំ និងជ្រៃក្រឹម ដែលដុះព័ទ្ធជុំវិញដើមតែមួយនោះ វាអាចរស់រានមានជីវិតឡើងវិញបាន។ ដូចនេះអ្នកជំនាញ នឹងប្រើប្រាស់វិធីក្នុងផ្ស៉ាំ ដើម្បីដាក់ដាំវាវិញនៅទីតាំដើម សម្រាប់អោយភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទៅទស្សនា និងថតរូបកម្សាន្តបានដូចមុន។

គួររំលឹកថា ដើមឈើចំណាស់នេះ មានមុខកាត់រហូតដល់ទៅ ១ម៉ែត្រ ៦៨តឹក ស្ថិតនៅជាប់នឹងថែវអង្គតូចខាងត្បូង ឈៀងខាងលិចលើប្រាង្គប្រាសាទជាន់ទី១ ដែលកន្លងមកតែងទទួលបានការពេញនិយមពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដូចជា៖ ការថតរូបលេង រឺថតPre-Wedding ជាដើម។ ហើយដំណឹងនៃការដួលរលំរបស់ដើមឈើនេះ បានធ្វើអោយមនុស្សជាច្រើនមានការសោ.កស្ដា.យជាពន់ពេក ដូច្នេះពួកគេសង្ឃឹមថាមន្រ្តីជំនាញ អាចជួយសង្រោះដើមឈើនេះអោយឈរឡើងវិញបាន៕










