ក្រុមអាជីវករលក់សាច់ជ្រូក នៅបណ្តាផ្សារក្នុងរាជធានីភ្នំពេញ បានសម្តែងការព្រួយបារម្ភ ស្របពេលតម្លៃសាច់ជ្រូករស់ឡើងថ្លៃ ដែលពិបាកក្នុងការយកមកលក់នៅលើទីផ្សារ។
ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យក្រសួងកសិកម្មឯកឧត្តម ឃឹម ហ្វីណង់ បានពន្យល់ថា៖”ក្រសួងកសិកម្មតែងតែតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពកសិផលសំខាន់ៗ រួមទាំងថ្លៃសត្វជ្រូករស់ និងទីផ្សារផ្គត់ផ្គង់សាច់ជ្រូកនេះផងដែរ។ បច្ចុប្បន្ននេះ ថ្លៃជ្រូករស់មានការកើនឡើងប្រសើរជាងមុនសម្រាប់កសិករអ្នកចិញ្ចឹម តែថ្លៃនេះមិនទាន់ប៉ះពាល់ដល់ប្រាក់ចំណេញរបស់អ្នកផ្គត់ផ្គង់សាច់ជ្រូក ឬអ្នកបរិភោគនៅឡើយទេ”។
ឯកឧត្តម បានបញ្ជាក់ថា៖” ថ្លៃជ្រូករស់ក្នុងរង្វង់១មុឺនរៀលគឺជាថ្លៃសមរម្យ ហើយអ្នកផ្គត់ផ្គង់សាច់ជ្រូកក៏ធ្លាប់បានទទួលប្រាក់ចំណេញច្រើន ក្នុងអំឡុងពេលដែលថ្លៃជ្រូករស់ថយចុះដោយសារមានការចិញ្ចឹមច្រើន។ ក្នុងករណីថ្លៃជ្រូករស់កើនខ្ពស់លើសពីធម្មតា ក្រសួងនឹងចាត់វិធានការឆ្លើយតបជាក់លាក់ ដូចដែលធ្លាប់បានអនុវត្តលើករណីថ្លៃជ្រូករស់ធ្លាក់ចុះផងដែរ”។
គួរបញ្ជាក់ថា បច្ចុប្បន្នតម្លៃជ្រូករស់ក្នុងមួយគីឡូ ១១២០០រៀល ដោយក្រុមហ៊ុនលក់ជ្រូករស់ ចេះតែតំឡើងថ្លៃ ខណៈពីមុន តម្លៃធូរថ្លៃត្រឹម៩០០០រៀល ក្នុងមួយគីឡូ៕










