ប្រទេសឡាវ ៖ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋសភាឡាវបានអនុម័តលើសេចក្តីសម្រេចមួយក្នុងកិច្ចប្រជុំ គឺការបញ្ចូលក្រសួងមួយចំនួនដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល និងបង្កើនប្រសិទ្ធភាពការងារមន្ត្រីរាជការ ។ ក្រសួងដែលត្រូវរួមបញ្ចូលគ្នា រួមមាន ៖ ក្រសួងផែនការ និងវិនិយោគ ត្រូវរួមបញ្ចូលជាមួយក្រសួងហិរញ្ញវត្ថុ រីឯក្រសួងថាមពល និងរ៉ែ ត្រូវរួមបញ្ចូលជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ។.png)
ក្រសួងធនធានធម្មជាតិ និងបរិស្ថាន នឹងរួមបញ្ចូលជាមួយក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ ខណៈក្រសួងមហាផ្ទៃ នឹងបញ្ចូលជាផ្នែកមួយនៃគណៈកម្មការបុគ្គល និងអង្គការ ស្ថិតនៅក្រោមគណៈកម្មការមជ្ឈិមបក្សបដិវត្តន៍ឡាវ ។ ការកាត់បន្ថយចំនួនក្រសួងរបស់ឡាវ គឺធ្វើឡើងក្រោយពីរដ្ឋសភាវៀតណាមបានប្រជុំវិសាមញ្ញនៅទីក្រុងហាណូយ កាលពីខែកុម្ភៈ កន្លងមក ដើម្បីកាត់បន្ថយចំនួនក្រសួង ដោយមានគោលដៅបង្កើនប្រសិទ្ធភាពការងារមន្ត្រីរាជការដូចគ្នា ។
ការអនុម័តលើសេចក្តីសម្រេចរបស់រដ្ឋសភាឡាវ គឺធ្វើឡើងតាមការស្នើរបស់នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) ដើម្បីកាត់បន្ថយការចំណាយប្រាក់របស់រដ្ឋាភិបាល និងនិងបង្កើនប្រសិទ្ធភាពការងារមន្ត្រីរាជការឡាវ ។ 
ការរួមបញ្ចូលក្រសួងទាំងអស់នឹងធ្វើឱ្យរួចរាល់ នៅខែឧសភា ឆ្នាំ២០២៥នេះ ហើយដល់ពេលនោះ ចំនួនក្រសួងរបស់ឡាវនឹងធ្លាក់ចុះ ពី១៧ក្រសួង មកនៅត្រឹមតែ១៣ក្រសួងប៉ុណ្ណោះ ។ ក្រៅពីនេះ រដ្ឋសភាឡាវក៏បានឯកភាពលើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការបង្កើនអាយុចូលនិវត្តន៍របស់មន្ត្រីរាជការ ចាប់ពី៦០ឆ្នាំ ទៅ៦៥ឆ្នាំ ។
គួរបញ្ជាក់ថា រដ្ឋសភាឡាវបានកាត់បន្ថយចំនួនក្រសួង រយៈពេលជាង១ខែក្រោយពីរដ្ឋសភាវៀតណាមកាត់បន្ថយក្រសួង ។ កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងមក រដ្ឋសភាវៀតណាមបានអនុម័តច្បាប់ធ្វើកំណែទម្រង់រដ្ឋាភិបាលថ្មីក្នុងកិច្ចប្រជុំវិសាមញ្ញនៅទីក្រុងហាណូយ ដោយកាត់បន្ថយក្រសួងចំនួន៥ និងមន្ត្រីរាជការពី១៥% ទៅ២៥% ។ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឺម អះអាងថា វាមិនត្រឹមតែជួយកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយឱ្យមន្ត្រីរាជការធ្វើការកាន់តែមានប្រសិទ្ធភាព និងសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ៕










