«ល្អាងភ្នំឈ្ងោក» ជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត ដែលមានទីតាំងស្ថិតនៅឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយជាង ៥គីឡូម៉ែត្រពីបឹងប្រទាក់ក្រឡា ឬប្រមាណ ១៣គីឡូ ម៉ែត្រពីទីរួមខេត្តកំពត។

នៅចំកណ្ដាលគុហាដ៏ធំនៃភ្នំនេះ មានសំណង់ស្ថាបត្យកម្មប្រាសាទមួយសង់ឡើងអំពីឥដ្ឋរាងតូចល្មម សង់ព័ទ្ធជុំវិញលិង្គធម្មជាតិដុះចេញពីថ្មកំបោរ និងមានការសង់បន្ថែមទម្រយោនី ដោយកំណត់ថាជា សិវលិង្គតាមជំនឿព្រហ្មសាសនា។ កាន់តែអស្ចារ្យ នៅពីលើសិវលិង្គនោះ ត្រូវបានប្រោះព្រំដោយដំណក់ទឹកយ៉ាងត្រជាក់ដូចទឹកកក ស្រក់ច្រោះតាមរយៈថ្មកំបោរដែលដុះចំពីលើកំពូលប្រាសាទ។ ចំណុចគួរឲ្យចាប់អារម្មណ៍នៃល្អាងភ្នំឈ្ងោក គឺជាប្រាសាទល្អាងបែបព្រហ្មញ្ញសាសនា ត្រូវបានសម្មត់ថាអាចនឹងត្រូវបានស្ថាបនាឡើងនៅចន្លោះចុងសតវត្សទី៦និងដើមស.វទី៧ ដើម្បីឧទ្ទិសទៅដល់ព្រះសិវៈ។ 
ការស្ថាបនាប្រាសាទនេះក្នុងរូងភ្នំ គឺជាបង្ហាញនូវទស្សនសំយោគនៃមនោគមវិជ្ជារវាងជំនឿខ្មែរក្នុងភូមិភាគនេះ និងជំនឿបែបឥណ្ឌានិយម។ ការពិតការបូជាភ្នំបានកើតឡើងមុនសម័យប្រវត្តិសាស្ត្រម្លេះ។ បើពិនិត្យអោយល្អិតល្អន់ទៅ បានឃើញថាប្រាសាទនេះមានតួប្រាង្គតែមួយគត់ ហើយត្រូវបានកសាងលើឃើនមួយផ្អិបជាប់នឹងជញ្ជាំងភ្នំដោយចែកចេញជាពីរផ្នែក ។ ផ្នែកខាងលើមានដំបូលមួយមានជំរាលបួន ដោយមានកំពូលជំទីតពីលើយ៉ាងសង្ហារ។ ប្រាសាទនេះមានសណ្ឋានដូចមើមខ្ទឹម គួរឲ្យចង់គយគន់ក្រៃលែង ។ រីឯនៅខាងក្រោម គេសង្កេតឃើញមានក្បាច់ជាបន្ទាត់ផ្តេកឆ្នូតៗ ដូចនៅក្រោមប្រាសាទសំបូរព្រៃគុគ ឬប្រាសាទគោគព្រះធាតុដែរ។
គួរបញ្ជាក់ថា យោងតាមឯកសារប្រវត្តិសាស្ត្រដែលមានតាំងបង្ហាញនៅសារមន្ទីរខេត្តកំពត កម្រងភ្នំថ្ម និងល្អាងភ្នំនៅក្នុងខេត្តកំពតដែលមានជាអាទិ៍គឺមានដូចជា ភ្នំកំពង់ត្រាច ភ្នំក្បាលរមាស ភ្នំឈ្ងោក ភ្នំទទុង ភ្នំខ្ចង សុទ្ធតែជាតឹកតាងនៃប្រវត្តិសាស្ត្រខ្មែរ តាំងពីសម័យបុរេប្រវត្តិដែលគេជីករកឃើញស្លាកស្នាមនៃសំណល់ពីការរស់នៅរបស់មនុស្សជំនាន់ដើមប្រមាណជា៥០០០ឆ្នាំ មុនគ.ស៕










