មិនអោយខកបំណង ដែលខំប្រមូលផ្ដុំគ្នាតាំងពីមេឃនៅងងឹត មុខប្រាសាទអង្គរវត្តកាលពីព្រឹកមិញ បាតុភូត “សមរាត្រីអង្គរ” រឺ Equinox Angkor បានធ្វើអោយភ្ញៀវទេសចររាប់ពាន់នាក់ស្រែកហ៊ោកញ្ជៀវ រំភើបចិត្តជាខ្លាំង ក្រោយបានឃើញទិដ្ឋភាពព្រះអាទិត្យរះចំកំពូលកណ្ដាលប្រាសាទនេះ ដោយផ្ទាល់ភ្នែក។
បន្ទាប់ពីទទួលបានដំណឹងនៃព្រឹត្តិការណ៍ “សមរាត្រី” ថានឹងកើតមានចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តរួចនោះ ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលមកពីជុំវិញពិភពលោកបានប្រមូលផ្ដុំគ្នាយ៉ាងច្រើនកុះករ ដើម្បីរង់ចាំផ្ដិតយកទិដ្ឋភាពដ៏កម្រមួយនេះដោយផ្ទាល់ភ្នែក។
មិនខុសពីពេលវេលា ដែលខាងក្រសួងទេសចរបានជូនដំណឹង ព្រឹត្តការណ៍ “សមរាត្រី” បានបង្ហាញខ្លួនឡើងនៅចន្លោះម៉ោង ៦:១៥នាទី ថ្ងៃទី២១ ខែមីនានេះ ពិតប្រាកដមែន ដែលមិនធ្វើអោយភ្ញៀវទេសចរដែលខំមករង់ចាំខកបំណងឡើយ។
មូលហេតុដែលធ្វើអោយភ្ញៀវទេសចររំភើប និងស្ញប់ស្ញែងនោះ គឺដោយសារតែអច្ឆរិយភាព នៃការគិតគូរបានដិតដល់របស់បុព្វបុរសខ្មែរ លើក្បួនច្បាប់វិទ្យាសាស្រ្ត តារាសាស្រ្ត ក្នុងការកសាងប្រាសាទ និងហាក់យល់ដឹងពីចក្រវាលច្បាស់ជាងមនុស្សសម័យទំនើបនេះទៅទៀត។ លើសពីនេះទៅទៀត ភ្ញៀវទេសចរខ្លះ បាននិយាយថា ពួកគេមិននឹកស្មានថាពួកគេអាចមើលឃើញភាពអស្ចារ្យនេះ បានដោយផ្ទាល់ភ្នែកបែបនេះទេ។

សូមជម្រាបថា បាតុភូតនេះនឹងកើតមានចំនួន២លើកក្នុង១ឆ្នាំ ដែលប្រសិនលោកអ្នកខកខានមិនបានទស្សនានៅក្នុងខែមីនានេះទេ អ្នកអាចរង់ចាំ “សមរាត្រី” លើកទី២ ដែលនឹងកើតមានក្នុងខែកញ្ញា ចន្លោះចាប់ពីថ្ងៃទី ២១-២២ ខាងមុខនេះ ដើម្បីទទួលបានបទពិសោធទស្សនីយភាពដ៏ល្អឯកមួយនេះ៕










