សត្វក្រពើភ្នំត្រូវបានចាត់ទុកថាជាសត្វដែលជិតផុតពូជទៅហើយ សត្វប្រភេទនេះបានបាត់វត្តមានពីឧទ្យានជាតិនេះក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមក។ ដូច្នេះហើយទើបមន្ទីរបរិស្ថាន និងអង្គការអភិរក្សក្រពើភ្នំបានព្យាយាមបង្កាត់កូនរបស់វា ហើយពេលនេះទទួលបានក្រពើភ្នំពូជសុទ្ធចំនួន ១០ក្បាល យកទៅប្រលែងជាលើកដំបូង ដោយមានបំពាក់ជាមួយឧបករណ៍តាមដានផងដែរ។

ការប្រលែងនេះធ្វើឡើងតាមរយៈកិច្ចសហការរួមគ្នារវាងអង្គការសត្វព្រៃ និងរុក្ខជាតិ, ក្រសួងបរិស្ថាន, ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលមូលដ្ឋាន។ តាមការសិក្សា ក៏បានរកឃើញតំបន់ដាច់ស្រយាលជាមួយនឹងលក្ខខណ្ឌជម្រកដ៏ល្អបំផុតសម្រាប់ ប្រភេទក្រពើគឺភ្នំនៅឧទ្យានជាតិវីរៈជ័យនេះ។
មន្ត្រីជំនាញបាននិយាយថា ការប្រលែងសត្វក្រពើនេះ «យើងបានបំពាក់ ឧបករណ៍កត់ត្រា សំឡេង ដើម្បីតាមដានការបំផ្លាស់ទី និងការរស់រានមានជីវិតរបស់សត្វក្រពើភ្នំ ដែលជាការផ្តល់នូវទិន្នន័យដ៏មានសារសំខាន់ក្នុងការងារអភិរក្ស និងស្តារវត្តមានក្រពើភ្នំប្រភេទនេះ»។
លោក Pablo Sinovas នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃ និងរុក្ខជាតិបានលើកឡើងថា៖«យើងបាននិងកំពុងលែងក្រពើភ្នំពូជសុទ្ធពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែមានចំនួនច្រើនជាងមុន ហើយយើងបានសង្កេតឃើញការកើនឡើងនូវការបង្កាត់ពូជពងកូននៅក្នុងធម្មជាតិផងដែរ»។ លោកបន្តថា ជាទូទៅ ក្រពើភ្នំត្រូវការពេលជាង ១០ឆ្នាំ ទម្រាំធំពេញវ័យ។ ចំពោះក្រពើភ្នំ ដែលត្រូវបានលែងនេះ នឹងចាប់ផ្តើមបង្កាត់ពូជពងកូនដោយខ្លួនឯងនៅ ក្នុងធម្មជាតិ ដែលជួយជំរុញឲ្យមានការកើនឡើងនូវចំនួនប្រភេទនេះនៅក្នុងធម្មជាតិ។
ដោយឡែក រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត ក៏បានលើកឡើងផងដែរថា៖ «ក្រពើភ្នំជាប្រភេទដ៏កម្របំផុតនៅលើពិភពលោក ប៉ុន្តែយើងសង្កេតឃើញប្រភេទ នេះមានវត្តមានច្រើនជាងគេនៅប្រទេសកម្ពុជា នេះជាមោទកភាពមួយសម្រាប់ប្រទេសយើងក្នុងពិភពលោក ដែលមានក្រពើប្រភេទនេះរស់នៅ»។
រហូតមកដល់បច្ចុប្បន្ននេះ ក្រពើភ្នំពូជសុទ្ធជិត២០០ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិ ដាច់ស្រយាលពីមនុស្សរស់នៅ និងមានសុវត្ថិភាពនៅតំបន់ជួរភ្នំក្រវាញ ភាគនិរតីនៃប្រទេសកម្ពុជា និងមានសំបុកពងកូនក្រពើភ្នំចំនួន៦០ក្បាល ត្រូវបានរកឃើញនៅក្នុងតំបន់ជួរភ្នំក្រវាញនេះផងដែរ៕










