ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មាន AFP រាយការណ៍ថា ភាពតានតឹងរវាងប្រទេសវៀតណាម និងចិន ដោយសារបញ្ហាសមុទ្រចិនខាងត្បូង បានធ្វើឱ្យយុវវ័យវៀតណាមឈប់ទិញតុក្កតាចិន ពីព្រោះនៅលើមុខតុក្កតាមានការសម្គាល់ភាពជាម្ចាស់កម្មសិទ្ធិរបស់ក្រុងប៉េកាំង លើដែនទឹកដែលកំពុងមានជម្លោះជាមួយវៀតណាម ។ តុក្កតាចិនជាច្រើនត្រូវបានយកចេញពីហាងជាបន្តបន្ទាប់ ដែលធ្វើឱ្យម្ចាស់ហាងត្អូញត្អែរពីការខាតបង់ដើមទុន ដោយសារការលក់ធ្លាក់ចុះខ្លាំង ។
តុក្កតា Baby Three ផលិតនៅចិន បានក្លាយជាតុក្កតាដ៏ពេញនិយមរបស់ក្មេងៗ និងយុវវ័យវៀតណាមកាលពីដើមឆ្នាំ២០២៥ ហើយហាងនៅទូទាំងប្រទេសវៀតណាម បានលក់តុក្កតាចិនដាច់អស់គ្មានសល់ ។ ប៉ុន្តែក្រោយមក ក៏មានការរិះគន់ក្នុងបណ្តាញសង្គមអំពីតុក្កតាប្រភេទ Town rabbit V2 ដោយសារលើថ្ពាល់តុក្កតា ស្រដៀងនឹងផែនទីខ្សែបន្ទាត់ចំនួន៩ របស់ចិន ។ រដ្ឋាភិបាលក្រុងប៉េកាំងបានប្រើប្រាស់ខ្សែបន្ទាត់ទាំងនេះដើម្បីអះអាងថា ខ្លួនជាម្ចាស់កម្មសិទ្ធិលើសមុទ្រចិនខាងត្បូងយូរមកហើយ ដែលធ្វើឱ្យពលរដ្ឋវៀតណាមពុំសប្បាយចិត្ត ព្រោះវៀតណាមថា ខ្លួនជាម្ចាស់កម្មសិទ្ធិនៅផ្នែកខ្លះរបស់សមុទ្រចិនខាងត្បូង ។
.jpg)
ក្រោយពីយុវវ័យវៀតណាមឈប់ទិញតុក្កតាចិន ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានស្នើឱ្យពិនិត្យលើមុខតុក្កតាឱ្យច្បាស់លាស់ថា ពិតជាមានខ្សែបន្ទាត់មែនឬអត់? ពីព្រោះវាប៉ះពាល់ដល់សន្តិសុខ និងអធិបតេយ្យភាពវៀតណាម ។ ដោយឡែក យុវជនម្នាក់និយាយថា តុក្កតានេះគួរឱ្យស្រឡាញ់ ប៉ុន្តែមុខវាមានខ្សែបន្ទាត់៩ ដែលបង្ហាញពីការល្មើសអធិបតេយ្យភាពវៀតណាម ខ្ញុំពុំលេងវាទេ ។

អ្នកលក់តុក្កតានៅទីក្រុងហាណូយ ប្រាប់ថា តុក្កតាដែលមានបញ្ហាភាគច្រើនត្រូវបានយកចេញពីហាងអស់ហើយ ព្រោះគ្មានអ្នកណាទិញវាទេ ។ កាលពីមុន តុក្កតានេះលក់ដាច់ខ្លាំងណាស់ រីឯការលក់តុក្កកាផ្សេងទៀតក៏ធ្លាក់ចុះដែរ ។ អាជីវករម្នាក់ត្អូញថា កាលពីមុន នាងបានលក់តុក្កតា Baby Three បាន១០០ក្បាលក្នុង១ថ្ងៃ ហើយតុក្កតាមួយតម្លៃ២០ដុល្លារ ប៉ុន្តែបច្ចុប្បន្ន ការលក់ធ្លាក់ចុះខ្លាំង បើទោះនាងទម្លាក់ថ្លៃក្តី ។ យុវវ័យគ្រប់រូបឈប់ទិញតុក្កតាចិន និងគិតថា ការទិញតុក្កតា Baby Three គឺពុំស្រឡាញ់ជាតិ ប៉ុន្តែខ្ញុំបានចំណាយដើមទុនច្រើនណាស់លើតុក្កតា ។
កាលពីឆ្នាំ២០២៣ ភាពយន្តរឿង «Barbie» ត្រូវបានហាមចាក់ផ្សាយនៅរោងភាពយន្តវៀតណាម ដោយសារមានឈុតឆាកមួយបង្ហាញពីផែនទីខ្សែបន្ទាត់ចំនួន៩ ។ មុននេះ នៅឆ្នាំ២០១៨ វៀតណាមបានកាត់ឈុតឆាករបស់ភាពយន្តរឿង «Crazy Rich Asians» ដោយសារឈុតនេះបង្ហាញពីផែនទីប្រជុំកោះនៅសមុទ្រចិនខាងត្បូងស្ថិតក្រោមការគ្រប់គ្រងរបស់ចិន ។

គួរបញ្ជាក់ថា សមុទ្រចិនខាងត្បូង គឺជាប្រភពប្រេងឥន្ធនៈ និងឧស្ម័នដ៏មានតម្លៃ ព្រមទាំងជាផ្លូវធ្វើដំណើរយ៉ាងសំខាន់ ។ ប្រទេសជិតខាងជាច្រើនរបស់ចិន រួមទាំងវៀតណាមបារម្ភថា ចិនកំពុងតែព្យាយាមពង្រីកការកាន់កាប់សមុទ្រចិនខាងត្បូង ៕










