ប្រទេសហ្វាំងឡង់ ៖ ហ្វាំងឡង់បានជាប់ចំណាត់ថ្នាក់ទី១ គឺជាប្រទេសមានសេចក្តីសុខបំផុតលើពិភពលោក នៅឆ្នាំ២០២៥ រយៈពេល៨ឆ្នាំជាប់គ្នា ដែលចាត់ចំណាត់ថ្នាក់ដោយ World Happiness Report 2025 ។ រីឯប្រទេសដែលជាប់ចំណាត់ថ្នាក់ជាប្រទេសមានសេចក្តីសុខបំផុតលើពិភពលោក លំដាប់ទី២ និងទី៣ គឺដាណឺម៉ាក និងអ៊ីស្លង់ ។ ចំណាត់ថ្នាក់នេះផ្អែកលើការផ្តល់ពិន្ទុវាយតម្លៃលើការអភិវឌ្ឍផ្នែកផ្សេងៗរបស់ប្រទេសនីមួយៗ ហើយហ្វាំងឡង់ទទួលបានពិន្ទុខ្ពស់ជាងគេ ។ 
ការចាត់ចំណាត់ថ្នាក់នេះផ្សព្វផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវការរស់នៅរបស់សាកលវិទ្យាល័យ Oxford ។ វាជាការចាត់ចំណាត់ថ្នាក់ដោយការផ្តល់ពិន្ទុវាយតម្លៃការអភិវឌ្ឍផ្នែកផ្សេងៗ ចំនួន៦ រួមមាន ៖ ១-ផលិតផលក្នុងស្រុកសរុប (GDP), ២-ការជួយសង្គ្រោះក្នុងសង្គម, ៣-អាយុពលរដ្ឋ, ៤-សេរីភាព, ៥-សេចក្តីមេត្តា និង៦-គ្មានអំពើពុករលួយ ។ ហេតុនេះ ហ្វាំងឡង់ទទួលបានពិន្ទុមធ្យមខ្ពស់បំផុត គឺស្មើ៧.៧៥ពិន្ទុ ។
World Happiness Report 2025 បានចាត់ចំណាត់ថ្នាក់ប្រទេសសរុបចំនួន១៤៧ ហើយប្រទេសចំនួន១០ ដែលជាប់ចំណាត់ថ្នាក់ជាប្រទេសមានសេចក្តីសុខលើពិភពលោក រួមមាន ៖ ១-ហ្វាំងឡង់ ២-ដាណឺម៉ាក ៣-អ៊ីស្លង់ ៤-ស៊ុយអែត ៥-ហូឡង់ ៦-កូស្តារីកា ៧-ន័រវេស ៨-អ៊ីស្រាអែល ៩-លុចសំបួរ និង១០-ម៉ិកស៊ិក ។ រីឯប្រទេសទទួលបានពិន្ទុតិចបំផុត ឬមានសេចក្តីសុខតិចបំផុតលើពិភពលោក គឺអាហ្វហ្គានីស្ថាន ស្ថិតក្នុងលំដាប់ទី១៤៧ ។

ក្រៅពីហ្វាំងឡង់ទទួលបានពិន្ទុខ្ពស់លើការអភិវឌ្ឍផ្នែកផ្សេងៗ តើនៅមានកត្តាអ្វីខ្លះទៀតដែលធ្វើឱ្យហ្វាំងឡង់ជាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសមានសេចក្តីសុខជាងគេលើពិភពលោក? ហ្វាំងឡង់ជាប្រទេសដ៏ល្បីល្បាញមួយ ដែលពលរដ្ឋប្រទេសនេះសម្លឹងទៅកាន់ពិភពលោកក្នុងផ្លូវវិជ្ជមាន, ផ្តល់ទំនុកចិត្តដល់គ្នា, មានទំនាក់ទំនងល្អ និងមានចិត្តសប្បុរស ។ 
ក្រៅពីនេះ ពលរដ្ឋហ្វាំងឡង់គួរឱ្យទុកចិត្ត និងជឿជាក់លើភាពស្មោះត្រង់របស់អ្នកដទៃ ដូចជា ៖ បើអ្នកណាម្នាក់ភ្លេច Laptop នៅបណ្ណាល័យ ឬបាត់ទូរស័ព្ទលើរថភ្លើង គឺពួកគេនឹងទទួលបានសម្ភារៈរបស់ខ្លួនវិញយ៉ាងឆាប់រហ័ស ។ រីឯក្មេងៗនៅហ្វាំងឡង់អាចជិះរថយន្តក្រុងសាធារណៈពីសាលារៀនទៅផ្ទះវិញដោយសុវត្ថិភាព ឬក្មេងៗអាចរត់លេងនៅទីធ្លាខាងក្រៅម្នាក់ឯង ដោយពុំបាច់មានឪពុកម្តាយទៅជាមួយ ។
ចំណែកដាណឺម៉ាក បានជាប់ចំណាត់ថ្នាក់ទី២ ជាប្រទេសមានសេចក្តីសុខបំផុតលើពិភពលោក ដោយសារពលរដ្ឋដាណឺម៉ាករស់នៅយ៉ាងមានសុវត្ថិភាព ហើយយុវជនពេញចិត្តនឹងជីវិតរបស់ពួកគេ ។ ទោះជាពលរដ្ឋដាណឺម៉ាកបង់ពន្ធខ្ពស់ជាងគេលើពិភពលោក គឺបង់ពន្ធរហូតដល់ពាក់កណ្តាលនៃប្រាក់ចំណូល ប៉ុន្តែពលរដ្ឋដាណឺម៉ាកទទួលបានការថែទាំសុខភាពពុំគិតថ្លៃ, រដ្ឋាភិបាលផ្តល់ប្រាក់ជួយកុមារ, និស្សិតមហាវិទ្យាល័យពុំចាំបាច់បង់ថ្លៃសិក្សា ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភពេលកំពុងរៀន ។ ក្រៅពីនេះ មនុស្សចាស់នៅដាណឺម៉ាកទទួលបានប្រាក់ឧបត្ថម្ភ និងមានភ្នាក់ងារជួយថែទាំ ៕










