សហរដ្ឋអាមេរិក ៖ តាមរបាយការណ៍របស់សេតវិមានបង្ហាញថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិបិទក្រសួងអប់រំចោល ដែលជាការធ្វើតាមសន្យារបស់ប្រធានាធិបតីអាមេរិកពេលរកសំឡេងឆ្នោត ។ ប៉ុន្តែការបិទក្រសួងអប់រំមានការជំទាស់ពីអ្នកប្រជាធិបតេយ្យមួយក្រុមនៅរដ្ឋជឿជាក់លើគណបក្សប្រជាធិបតេយ្យ (Democrat) ដែលបានដាក់ពាក្យបណ្ដឹងតវ៉ាមិនឱ្យលោក Trump បិទក្រសួងអប់រំ និងបញ្ឈប់ការបណ្តេញមន្ត្រីរដ្ឋាភិបាលជិតពាក់កណ្តាល ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ។
.png)
NAACP គឺជាក្រុមសិទ្ធិមនុស្សបានរិះគន់ការបិទក្រសួងអប់រំថា វាផ្ទុយនឹងរដ្ឋធម្មនុញ្ញ ។ លោក Derrick Johnson ប្រធានក្រុមសិទ្ធិមនុស្ស NAACP បានសរសេរក្នុងសេចក្តីថ្លែងការណ៍ថា ៖ «នេះជាថ្ងៃដ៏ខ្មៅងងឹតសម្រាប់កុមារអាមេរិករាប់លាននាក់ដែលពឹងផ្អែកលើប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ដើម្បីទទួលបានការអប់រំមានគុណភាព ព្រមទាំងប៉ះពាល់កុមារមកពីសហគមន៍ក្រីក្រ និងជនបទ ដែលឪពុកម្តាយពួកគេបានបោះឆ្នោតគាំទ្រលោក Trump» ។.png)
លោក Trump និងលោក Elon Musk ជាទីប្រឹក្សា ព្យាយាមបិទក្រសួង និងស្ថាប័នផ្សេងៗ ដូចជា ៖ ការិយាល័យអភិវឌ្ឍន៍បរទេសរបស់អាមេរិក ដោយគ្មានការអនុម័តពីរដ្ឋសភា ។ ការបិទក្រសួងអប់រំ គឺជាការព្យាយាមលើកដំបូងរបស់លោក Trump ក្នុងការបិទស្ថាប័នថ្នាក់ក្រសួង ។ លោក Trump ពុំអាចបិទក្រសួងអប់រំទេ បើគ្មានការអនុម័តពីរដ្ឋសភា បើទោះជាគណបក្សសាធារណរដ្ឋ (Republican) របស់លោក មានសំឡេងគាំទ្រ៥៣ ទល់នឹង៤៧ ក្នុងព្រឹទ្ធសភាក្តី ។

ប៉ុន្តែច្បាប់សំខាន់ជាង ដូចជា ៖ សេចក្តីព្រាងច្បាប់រំលាយស្ថាប័នថ្នាក់ក្រសួង ត្រូវតែមានសំឡេងគាំទ្រ៦០ និងមានការគាំទ្រពីគណបក្សប្រជាធិបតេយ្យ ចំនួន៧សំឡេង ទើបបញ្ជូនទៅឱ្យរដ្ឋសភាអនុម័ត ។ រីឯសមាជិកគណបក្សប្រជាធិបតេយ្យក្នុងព្រឹទ្ធសភា ពុំគាំទ្រការបិទក្រសួងអប់រំទេ ។ ការបិទក្រសួងអប់រំបានកំណត់ឱ្យលោកស្រី Linda McMahon រដ្ឋមន្ត្រីក្រសួងអប់រំ ដំណើរការតាមលក្ខខណ្ឌចាំបាច់ទាំងអស់ដើម្បីបិទក្រសួងនេះ និងប្រគល់អំណាចក្រសួងអប់រំទៅឱ្យរដ្ឋនានា ។ .png)
របាយការណ៍របស់សេតវិមានបញ្ជាក់ថា វាធ្វើឱ្យកូនសិស្ស អាណាព្យាបាល និងគ្រូបង្រៀនខកចិត្តយ៉ាងខ្លាំងពីប្រព័ន្ធគ្រប់គ្រងការអប់រំ ហើយក្រសួងអប់រំបានចំណាយប្រាក់អស់ជាង៣លានលានដុល្លារ តាំងពីឆ្នាំ១៩៧៩ ប៉ុន្តែពុំបានធ្វើឱ្យការសិក្សារបស់សិស្សល្អប្រសើរទេ ។ លោក Trump បានស្នើបិទក្រសួងអប់រំតាំងពីឡើងកាន់តំណែងដំបូងម៉្លេះ ប៉ុន្តែរដ្ឋសភាពុំចាត់វិធានការ ។ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ លោក Trump និយាយថា លោកចង់បិទក្រសួងនេះចោលភ្លាមៗ ប៉ុន្តែត្រូវរង់ចាំការយល់ព្រមពីរដ្ឋសភា និងសហជីពគ្រូបង្រៀន ។
អ្នកជំទាស់នឹងការបិទក្រសួងអប់រំ និយាយថា វានឹងប៉ះពាល់ដល់ប្រាក់ឧបត្ថម្ភរាប់លានដុល្លារសម្រាប់សាលារៀនមត្តេយ្យ រហូតដល់សាលាមធ្យមសិក្សា និងប៉ះពាល់ថ្លៃសិក្សារបស់សិស្សវិទ្យាល័យ ។ ក្រសួងអប់រំបានគ្រប់គ្រងសាលារៀនរដ្ឋ ចំនួន១សែនកន្លែង និងសាលារៀនឯកជន ៣ម៉ឺន៤ពាន់កន្លែងនៅអាមេរិក ទោះជាប្រាក់ឧបត្ថម្ភរបស់សាលារដ្ឋ ជាង៨៥% បានទទួលពីរដ្ឋាភិបាលក្តី ប៉ុន្តែក្រសួងអប់រំបានផ្តល់ជំនួយដល់សាលាខ្វះខាត ព្រមទាំងផ្តល់ប្រាក់ឱ្យគ្រូដែលបង្រៀនកុមារមានតម្រូវការពិសេស ។ ក្រសួងអប់រំក៏ទទួលខុសត្រូវលើការផ្តល់ប្រាក់កម្ចីឱ្យសិស្សរាប់លានដុល្លារទៀត ដែលពលរដ្ឋអាមេរិករាប់លាននាក់គ្មានលទ្ធភាពបង់ថ្លៃសិក្សាឱ្យកូននៅសាកលវិទ្យាល័យ ៕










