ក្នុងរឿងអាស្រូវដ៏ធ្ងន់ធរចុងក្រោយនេះកេរ្តិ៍ឈ្មោះរបស់ Kim Soo Hyun រងការខាតបង់យ៉ាងខ្លាំងទាំងប្រជាប្រិយភាពនិងភាពជាដៃគូផ្សាយពាណិជ្ជកម្មរបស់លោក។ ក្នុងនោះតាមការប៉ាន់ស្មានប្រសិនជាការកិច្ចសន្យាផ្សាយពាណិជ្ជកម្មរបស់តារាប្រុសរូបនេះខាតបង់ទាំងអស់លោកត្រូវសងការខូចខាតប្រហែល ១៣.៨លានដុល្លារ។ ទោះជាយ៉ាងណាតារាប្រុសរូបនេះមានទ្រព្យសម្បត្តិប្រហែល១១៧លានដុល្លារឯណោះក្នុងអាជីពរបស់ខ្លួនវាមិនមានបញ្ហាចោទនោះ ប៉ុន្តែអ្វីដែលលំបាកកេរ្តិ៍ឈ្មោះដែលខំសាង មុខមាត់ដែលបាត់បង់ក្នុងរឿងអាស្រូវជាមួយ Kim Saeron Kim Soo Hyun ពិបាកក្នុងការស្រោចស្រង់មកវិញ។
មុននឹងប្រឈមមុខនឹងការរិះគន់ពីទស្សនិកជន រងការពហិកាដោយសារតែរឿងអាស្រូវជាមួយអតីតតារាសម្តែង Kim Saeron លាចាកលោកទាំងក្មេងខ្ចី(២៤ឆ្នាំ)កាលពីខែកុម្ភៈ ឆ្នាំ២០២៥ Kim Soo Hyun ត្រូវបានគេស្គាល់ថាជា «ស្តេច» នៃទូរទស្សន៍កូរ៉េ។ លោកបានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេល ១៨ ឆ្នាំមកហើយ ដោយគ្រងតំណែងជាតួឯកប្រុសក្នុងរឿងភាគល្បីៗជាច្រើនដូចជា Dream High, Moon Embracing the Sun, My Love from the Star, It’s Okay to Not Be Ok, និងរឿង Queen of Tears ជាដើម។ ភាពល្បីល្បាញរបស់ Kim Soo Hyun បានឈានដល់កម្រិតកំពូលបន្ទាប់ពីរឿង My Love from the Star ក្នុងឆ្នាំ២០១៤ ឬទស្សនិកជនមួយចំនួនស្គាល់ថាជារឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ»។ 
រូបភាពរបស់តារាសម្តែងរូបនេះបានលេចមុខនៅក្នុងបណ្តាប្រទេសអាស៊ីជាច្រើនដូចជា ជប៉ុន ចិន ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ី។ កន្លែងណាដែល Kim Soo Hyun ទៅណា អ្នកគាំទ្រស្រែកហៅឈ្មោះរបស់លោកមានមនុស្សច្រើនកុះករ។ នៅក្នុងកម្មវិធី Beijing auto show កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ Kim Soo Hyun បង្ហាញខ្លួន ៩០ វិនាទី មកដល់ដោយគ្មានពេលធ្វើអ្វីទេ គ្រាន់តែអោនទៅអ្នកគាំទ្រប្រហែល ១០,០០០ នាក់ បន្ទាប់មកក៏ចាកចេញពីព្រឹត្តិការណ៍។ ក្នុងឆ្នាំ ២០១៤ Kim Soo Hyun រកបាន ១១០ លានយន់ប្រមាណ ១៥.១លានដុល្លារពីកិច្ចសន្យាផ្សាយពាណិជ្ជកម្មចំនួន ១៦ នៅក្នុងប្រទេសចិន។
យោងតាមកាសែត Korea Times កាលពីឆ្នាំ២០២៤ Kim Soo Hyun បានទទួលប្រាក់ខែចំនួន ៥ ពាន់លានវ៉ុន (ប្រហែល ៣.៧ លានដុល្លារ) សម្រាប់រឿង Queen of Tears ដែលមាន១៦ភាគ។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ លោកបានឈរនៅកំពូលតារាងតារាទូរទស្សន៍កូរ៉េដែលរកចំណូលបានច្រើនជាងគេ។ តារាសម្តែងរូបនេះទទួលបានជាមធ្យម ១៦៥,០០០ដុល្លារក្នុងមួយភាគ ។
.png)
យោងតាម GQ Kim Soo Huyn មានទ្រព្យសម្បត្តិសរុបប្រហែល១១៧ លានដុល្លារអាម៉េរិក រួមទាំងអចលនទ្រព្យជាច្រើន រថយន្តទំនើប និងភាគហ៊ុនរបស់ក្រុមហ៊ុន។ កាលពីឆ្នាំ២០២៤ តារាសម្តែងវ័យ៣៧ឆ្នាំរូបនេះបានទិញផ្ទះតម្លៃ ៦.៥ លានដុល្លារនៅ Seongsu-dong ដែលជាតំបន់ថ្លៃបំផុតមួយក្នុងទីក្រុងសេអ៊ូល។ ពីមុន Kim Soo Hyun បានទិញអចលនទ្រព្យពីរផ្សេងទៀតនៅ Seongsu-dong ផងដែរ។ តម្លៃសរុបនៃផ្ទះទាំងបីរបស់លោកនៅទីនេះគឺប្រហែល ៣០ ពាន់លានវ៉ុនប្រមាណ២២.៤លានដុល្លារ។.png)
នាពេលបច្ចុប្បន្ននេះប្រតិកម្មរបស់ទស្សនិកជនបានធ្វើឱ្យ Kim Soo Hyun កំពុងទទួលរងនូវអស្ថេរភាពផ្លូវចិត្តធ្ងន់ធ្ងរ។ នៅតាមបណ្តាហាងមួយចំនួនដែលមានរូប Kim Soo Hyun ផ្សព្វផ្សាយគឺបានដកចេញដោយសារពីមានការពហិកាពីអតិថិជននៅកូរ៉េ។ ក្នុងនោះបើយោងទៅតាមអ្នកនៅខាងក្នុងឧស្សាហកម្មកម្សាន្តបានប៉ាន់ប្រមាណថាបើកុងត្រាផ្សាយពាណិជ្ជកម្មរបស់ Kim Soo Hyun ខាតបង់លោកត្រូវចំណាយទឹកប្រាក់ ១៣.៨លានដុល្លារ សម្រាប់ការផ្សាយជាង១០ម៉ាកយីហោ៕










