ស្រ្តីអនាថាម្នាក់ដែលអៀវស.ពកូនហើយខ្វះទីពឹងបានបង្កឱ្យសាធារណជនមានចិត្តអាណិតអាសូរជាពន់ពេកខណៈមានសប្បុរជនជាច្រើនបានជួយស្រ្តីនោះជាថវិកានិងបាននាំយកសពកូនរបស់គាត់ទៅធ្វើបុណ្យ។ ជាមួយនឹងរូបភាពដ៏រំជួលចិត្តឥតឧបមាតារាចម្រៀង ជី ដេវិត ញឹកញាប់តែងមានចិត្តសប្បុរសជួយមនុស្សជាច្រើនក៏មិននៅស្ងៀមបានទៅវត្តចាក់អង្រែចូលរួមរំលែកទុក្ខដោយផ្ទាល់។

នៅលើបណ្តាញសង្គមទិកតុកហ្វេនរបស់ ជី ដេវិត បានចែករំលែកវីដេអូខ្លីមួយដោយឃើញតារាចម្រៀង ជី ដេវិត សួរនាំកន្លែងស្រ្តីទុរគតម្នាក់នោះដោយអក្សរនៅលើវីដេអូបានបង្ហាញថា «Idol G Davith បានមកដល់វត្តចាក់អង្រែដែរ មកកន្លែងបុណ្យសពម្តាយអៀវកូនស្លាប់លើខ្នង»។ ក្នុងវីដេអូខ្លីនេះគេបានឮសំឡេងថា ជី ដេវិត បានឃើញការផ្សព្វផ្សាយនៅលើបណ្តាញសង្គមគាត់ក៏មកចូលរួមដែរ។
ទឹកចិត្តសប្បុរសរបស់ ជី ដេវិត បានធ្វើឱ្យអ្នកគាំទ្រជាច្រើនរំភើបចិត្តក្នុងនោះសូម្បីតែខម្មិនមួយចំនួនបានអះអាងថាជាហ្វេនរបស់ VD តែមានការពេញចិត្តចំពោះទង្វើល្អរបស់ GD ។ អ្នកលេងទិកតុកបានខម្មិនថា «ខ្ញុំជាfan VD តែពេលឃើញចឹងខ្ញុំ Respect, គាត់តែងតែជួយគេច្រើនណាស់តែគាត់មិនឱ្យគេផុស តែនេះគេថតគាត់មុន, បងវីតទឹកចិត្ដល្អមែន, គាំទ្ររាល់អំពើល្អ, ជ្រើសរើសធ្វើFanគាត់មិនខុសទេចូលចិត្តជួយគេតែមិនដែលចេះថតបង្ហាញអ្វីឡើងគឺជួយដោយស្ងាត់ៗ, I’m fan vd but I’m គាំទ្រទង្វើល្អក្នុងសង្គម…»។
នេះមិនមែនជាលើកទីមួយនោះទេដែលតារាចម្រៀង ជី ដេវិត មានសណ្តានចិត្តល្អជួយទៅដល់អ្នកខ្វះខាតជាក់ស្តែងកន្លងមកថ្មីៗនេះលោកក៏បានជួយជាថវិកា៥០០ដុល្លារទៅដល់ នាដការីរបាំព្រះរាជទ្រព្យ សាលី ស្រីមាស ដែលមានបញ្ហាសុខភាព។

កាលពីឆ្នាំ២០២៤ ជី ដេវីត ក៏បានប្រកាសជួយឧបត្ថម្ភលើការសិក្សាក្មេងប្រុសម្នាក់ឈ្មោះថា ញ៉ ឆានីត ដែលមានឪពុករត់ចោលតាំងពីតូចរស់នៅជាមួយជីដូនដើរសុំទាននិងម្តាយដើរលាងចានឱ្យគេនូវទឹកប្រាក់២០០ដុល្លារក្នុងមួយខែក្នុងរយៈពេលពេញ១ឆ្នាំ។ លោកក៏បានចូលរួមបរិច្ចាគឈាមក្នុងមូលនិធិ នី មុន្នីនាថ រួមទាំងអំពើសប្បុរសធម៌ជាច្រើនទៀត៕










