ប្រទេសចិន ៖ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានជប៉ុនរាយការណ៍ថា ភ្ញៀវទេសចរជប៉ុន២នាក់ មានអាយុប្រមាណ២០ឆ្នាំ ត្រូវបានអាជ្ញាធរចិនឃុំខ្លួនរយៈពេល២សប្តាហ៍ មុនពេលបណ្តេញចេញពីប្រទេសចិន ដោយសារពួកគេថតរូបពុំសមរម្យបង្ហាញគូ.ទ នៅមហាកំផែងរបស់ចិន ។ ប៉ុន្តែភ្ញៀវទេសចរជប៉ុននិយាយថា ពួកគេធ្វើបែបនេះ គ្រាន់តែជាការលេងសើចប៉ុណ្ណោះ ហើយពុំដឹងថា ការថតរូបបង្ហាញរាងកាយនៅទីសាធារណៈ ខុសច្បាប់នៅចិន ។ .png)
សារព័ត៌មាន NTV រាយការណ៍ថា ភ្ញៀវទេសចរជប៉ុន២នាក់ គឺប្រុសម្នាក់ និងនារីម្នាក់ បានទៅលេងនៅមហាកំផែងចិន ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ស្ថិតនៅក្បែរទីក្រុងប៉េកាំង ។ ពេលនោះ ភ្ញៀវទេសចរប្រុសបានស្រាតខោរបស់ខ្លួនបង្ហាញគូទ ហើយឱ្យនារីមកជាមួយគ្នាជួយថតរូប ។
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្រសួងការបរទេសជប៉ុនបានចេញសេចក្តីថ្លែងការណ៍ថា ៖ «បើតាមស្ថានទូតជប៉ុននៅប្រទេសចិន គឺកាលពីថ្ងៃទី៣ ខែមករា កន្លងមក ភ្ញៀវទេសចរជប៉ុន២នាក់ ត្រូវបានអាជ្ញាធរចិនចាប់ខ្លួននៅមហាកំផែង ។ ក្រោយមក អាជ្ញាធរចិនក៏បានដោះលែងពួកគេវិញ ហើយពួកគេបានធ្វើដំណើរត្រឡប់មកជប៉ុននៅខែមករា» ។
.png)
ចំណែកមន្ត្រីស្ថានទូតជប៉ុននៅទីក្រុងប៉េកាំង បដិសេធនិយាយបញ្ហានេះជាមួយប្រព័ន្ធផ្សព្វផ្សាយ ។ សារព័ត៌មានចិនរាយការណ៍ថា ភ្ញៀវទេសចរជប៉ុនទាំង២នាក់ ត្រូវបានភ្នាក់ងារសន្តិសុខនៅមហាកំផែងចិនចាប់ខ្លួនមកឃុំឃាំង រយៈពេល២សប្តាហ៍ ។ 
ទង្វើរបស់ភ្ញៀវទេសចរជប៉ុនធ្វើឱ្យពលរដ្ឋចិនពុំពេញចិត្តយ៉ាងខ្លាំង ពលរដ្ឋចិនភាគច្រើនលើកឡើងពីកងទ័ពជប៉ុនឈ្លានពាន និងគ្រប់គ្រងចិន ចាប់ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ។ ព័ត៌មានចិនចាប់ខ្លួនភ្ញៀវទេសចរជប៉ុន ដោយសារប្រព្រឹត្តទង្វើពុំសមរម្យនៅមហាកំផែង គឺមានចំនួនចូលទស្សនារហូតដល់ជាង៦០លានលើក នៅលើ Weibo កាលពីថ្ងៃទី១៤ ខែមីនា ហើយមនុស្សជាច្រើនបានរិះគន់ភ្ញៀវទេសចរជប៉ុនទាំង២នាក់ ខណៈអ្នកខ្លះទៀតស្ពប់ខ្ពើមអ្នកទាំង២ ។

លោក Chen Yitian ជាតារាសម្តែងចិន ដែលមានមនុស្សតាមដានក្នុង Weibo ជាង៧លាននាក់ បានរិះគន់ភ្ញៀវទេសចរជប៉ុនថា ៖ «ប្រព្រឹត្តទង្វើគួរឱ្យខ្មាស់អៀននៅមហាកំផែងរបស់ខ្ញុំ» ។ ពលរដ្ឋចិនខ្លះទៀតបានអំពាវនាវឱ្យរដ្ឋាភិបាលចិនហាមឃាត់ជនជាតិជប៉ុនទាំងអស់ចូលប្រទេសចិន ៕










