បន្ទាប់ពីបានឃើញវីដេអូនៃការបង្ហោះនេះ សូមអជ្ញាធរមូលដ្ឋានមេត្តមកត្រួតពិនិត្យនិងជួសជុលស្ពាននេះជូនបងប្អូនប្រជាពលរដ្ឋជាបន្ទាន់ផងដើម្បីជៀសវាងគ្រោះថ្នាក់នានា។

ប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងដោយសារស្ពានថ្មមួយដែលស្ថិតនៅក្នុងភូមិអន្លង់ថ្ងាន់ ស្រុកកំពង់ត្រាច ខេត្តកំពត មានសភាពចាស់ទ្រុធទ្រោមខ្លាំងដោយជើងសរសេទ្រទាំងអស់របស់ស្ពាននេះរលាយបេតុងជិតអស់ ហើយផ្នែកខាងលើនៃស្ពានត្រង់កន្លែងខ្លះបាក់បេតុងសល់តែសសៃដែកប៉ុណ្ណោះ អាចនឹងបង្ករគ្រោះថ្នាក់ដល់ប្រជាជនដែលរស់តំបន់នោះ។ ដូច្នេះហើយពួកគាត់បានស្នើសុំទៅកាន់ព្រះចៅអធិការវត្តភ្នំរាប ស្រុកកំពង់ត្រាចអោយជួយបង្ហោះនូវវីដេអូស្ពានដែលខូចខាតនោះ ដើម្បីអោយខាងអជ្ញាធរ និងមន្ទីរពាក់ព័ន្ធជួយដោះស្រាយអោយបានឆាប់រហ័សផង ព្រោះជាផ្លូវធ្វើដំណើរប្រចាំថ្ងៃ ប្រសិនបើទុកយូរវាអាចនឹងបាក់ហើយនិងបង្ករគ្រោះថ្នាក់ជាយថាហេតុដល់ប្រជាពលរដ្ឋមិនខាន។
ដោយឡែកក្រោយការបង្ហោះរបស់ព្រះចៅអធិការកាលពីថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៥ រួចមក ក៏មានការចែករំលែកជាបន្តបន្ទាប់ ព្រមទាំងមានមន្ត្រីឃុំសង្កាត់ ក៏ដូចជាអជ្ញាធរនៅតំបន់នោះឆ្លើយតបតាមរយៈការខមិនថា ករណីនេះមន្ទីរជំនាញមានផែនការរួចហើយ រង់ចាំតែការចុះអនុវត្តទេ ។ ព្រមទាំងសង្ឃឹមថាគុណម្ចាស់នឹងមានការយោគយល់ ហើយសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញនៅពេលគម្រោងត្រូវបានអនុវត្ត ។ ដូច្នេះសូមព្រះចៅអធិការ និងប្រជាពលរដ្ឋក្នុងតំបន់ទាំងអស់មេត្តរង់ចាំសិន ខាងអជ្ញាធរនឹងដោះស្រាយជូន។ 
យ៉ាងណាមិញព្រះចៅអធិការបានបន្ថែមទៀតថា ចេតនាក្នុងការបង្ហោះវីដេអូរបស់ព្រះអង្គគឺដោយសារមានការស្នើសុំពីសំណាក់ពុទ្ធបរិស័ទ្ធ ព្រមទាំងបារម្ភពីសុវត្ថិភាពរបស់ប្រជាជនដែលធ្វើដំណើរកាត់ស្ពាននោះ និងចង់អោយមានដំណោះស្រាយជូនពួកគាត់ប៉ុណ្ណោះ។ ហើយសង្ឃឹមថាអជ្ញាធរនឹងចុះមកសិក្សាគម្រោងការអភិវឌ្ឍន៍ក៏ដូចជាជួសជុលចំណុចផ្លូវនិងស្ពានក្នុងតំបន់នោះឆាប់ៗផងដែរ៕










