សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញពីលទ្ធផលនៃការស៊ើបអង្កេត លើករណីសង្ស័យការកំណត់លទ្ធផលទុកជាមុនរបស់អ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា វីរៈ ដារ៉ា ដោយរកឃើញថា អ្នកចាំទីរូបនេះ មិនបានជាប់ពាក់ព័ន្ធនឹងការសង្ស័យនេះទេ។
យោងតាមសេចក្តីប្រកាសរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងថា៖” ផ្ទុយទៅវិញ កំហុសដែលកើតឡើងនាពេលនោះ គឺជាកំហុសបច្ចេកទេសនៃការលេង ដោយអចេតនាប៉ុណ្ណោះ”។

តែយ៉ាងណាមិញសហព័ន្ធ នៅតែប្រកាន់គោលជំហរ ក្នុងការបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវនូវរាល់ករណីមន្ទិលសង្ស័យទាំងឡាយណា ដែលកើតមានអំឡុងពេលដំណើរការនៃការប្រកួត ដើម្បីរក្សាបាននូវសុចរិតភាព នៅក្នុងវិស័យបាល់ទាត់នៅកម្ពុជា។
គួរបញ្ជាក់ថា ការបើកការស៊ើបទៅលើអ្នកចាំទី វីរ់ ដារ៉ា នេះ បានកើតមានឡើង ក្នុងព្រឹត្តិការណ៍ ASEAN Championship Mitsubishi Electric Cup កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយវីរៈ ដារ៉ា បានភ្លាត់ស្នៀតនៅមុខទី របូត២គ្រាប់ជាប់ៗគ្នា នាំឱ្យក្រុមកម្ពុជា ចាញ់ក្រុមម្ចាស់ផ្ទះសិង្ហបុរី ២-១៕










