តារាសម្តែង និងចម្រៀង ព្រីន ហាក់ស្ងប់ស្ងាត់ពីទីផ្សារភាពយន្តហើយវិលមកត្រូវប៉ាន់ជាមួយនឹងការផលិតចម្រៀងដោយបានបញ្ចេញស្នាដៃជាច្រើន។ លើសពីនេះទៀតក្រៅពីផលិតតន្រ្តីស្របតាមទីផ្សារ ព្រីន ក៏បានចូលរួមចំណែកផលិតបទលើកស្ទួយវប្បធម៌ខ្មែរផងដែរ។.png)
ទស្សនិកជនមួយចំនួនអាចចាប់ផ្តើមស្គាល់ ព្រីន តាមរយៈវិស័យសម្តែងប៉ុន្តែលោកក៏ជាតារាចម្រៀងមួយរូបដូចគ្នាខណៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រីន បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍តាមរយៈតន្រ្តីរបស់លោកជាពិសេសចាប់តាំងពីចេញបទចម្រៀង «អញ្ជើញចូលចុះបើស្រលាញ់» លាយ cover បទពីដើម។ ព្រីន ឡើងសន្ទុះលើវិស័យចម្រៀងបន្តិចម្តងៗធ្វើឱ្យលោកផ្អាកលើការថតខ្សែភាពយន្ត ខណៈបានចេញសម្តែងលើការផលិតវីដេអូខ្លីៗវិញ។ 
ជាមួយនឹងទំនោរមកខាងចម្រៀងច្រើនជាងសម្តែងនេះ ព្រីន ក៏បានពង្រីកខ្លួនជាមួយនឹងការផលិតបទថ្មីៗជាពិសេសគឺបានចាប់ដៃគូជាមួយរៀមច្បងអ្នកនាង ម៉េង កែវពេជ្ជតានិងកូនស្រី ជាពិសេស ព្រីន ទទួលបានភាពល្បីល្បាញខ្លាំងបន្ទាប់ពីទម្លាក់បទ «ពេលណាបងមករកអូន»។ កាលពីថ្ងៃទី១ មីនា នេះ ព្រីន បានទម្លាក់ MV ចាប៉ីផ្អែម២ ពីអ្នកនាង ម៉េង កែវពេជ្ជតា និងកូនស្រី ដោយបានផ្តិតយកទេសភាពដ៏ស្រស់ស្អាតនៃប្រាង្គប្រាសាទខ្មែរ ដោយមានគោលដៅតែមួយនោះគឺ ដើម្បីផ្សព្វផ្សាយ និង រក្សាទុក នូវវប្បធម៌ដ៏រុងរឿងរបស់ខ្មែរ។ 
នេះមិនមែនជាលើកទី១នោះទេសម្រាប់ ព្រីន ផលិតបទលើកស្ទួយវប្បធម៌ក្រៅពីបទយុវវ័យ ខណៈក៏បានទម្លាក់បទផ្សេងទៀតដូចជាបទ «ធីតា» ជាដើមដែលបានចូលរួមផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ខ្មែរ។
គួរបញ្ជាក់ផងដែរថា ព្រីន ធ្លាប់បានទម្លាយពីមូលហេតុពីការផ្អាកសកម្មភាពសម្តែងរបស់ខ្លួនដោយសារតែចរិតតួអង្គក្នុងសាច់រឿងនៅដដែលៗដោយមានបំណងរកអ្វីដែលថ្មីចង់ថតអង្គមានចរិតបែបដូចកុនហូលីវូដទើបលោកព្រមទទួលសម្តែងឡើងវិញ៕










