ថ្មីៗនេះទស្សនិកជនបានបង្ហាញអារម្មណ៍មានមោទនភាពចំពោះតារារ៉េបកម្ពុជា ម៉ាន់ វណ្ណដា បានធ្វើឱ្យប្រាសាទខ្មែរ និងទេសភាពដ៏ស្រស់ត្រកាលជាមួយនឹងសត្វដំរី បង្ហាញក្នុងបទចម្រៀងដែលសហការ៥ប្រទេស។ កាន់តែរំភើបចិត្តតារាកូរ៉េខាងត្បូងដ៏ល្បីល្បាញ Jay Park មានទំនាក់ទំនងយ៉ាងល្អជាមួយ វណ្ណដា ខណៈអ្នកគាំទ្រសង្ឃឹមថាអ្នកទាំងពីរនឹងអាចមានសហការណាមួយនាថ្ងៃអនាគតស្របពេលជាមួយគ្នានេះបទសហការ៥ប្រទេសគឺបានចាក់នៅក្នុងហាងប្រទេសថៃ។
នាថ្ងៃទី២៨ កុម្ភៈ បទចម្រៀង «ASIAN STATE OF MIND» ពីតារាចម្រៀងរ៉េប៥ប្រទេសរួមមានកម្ពុជា ជប៉ុន កូរ៉េខាងត្បូង ចិន និងឥណ្ឌា បានទម្លាក់ MV ជាផ្លូវការក្រោមការសាទរគួរឱ្យកត់សម្គាល់ពីបណ្តាហ្វេនៗរបស់ពួកគេ។ ក្នុងនោះទស្សនិកជនក្នុងស្រុកមានការស្ងប់ស្ងែងយ៉ាងខ្លាំងទៅកាន់តារាចម្រៀងរ៉េបមានដើមកំណើតមកពីខេត្តព្រះសីហនុ ម៉ាន់ វណ្ណដា បានឆ្លៀតឱកាសយកការសហការនេះបង្ហាញពីប្រាសាទខ្មែរនៅលើទឹកដីសៀមរាប បង្ហាញតំបន់ទេសចរណ៍ដែលមានសត្វដំរីយ៉ាងគួរឱ្យស្រលាញ់ និងមានតំបន់ទេចរណ៍ទំនើបៗអាចឱ្យទេសចរជិះកម្សាន្ត ខណៈបានបញ្ជូលឧបករណ៍ភ្លេងខ្មែរយ៉ាងអេម។
មែនទែនទៅមុននឹងទម្លាក់ MV ជាផ្លូវការអ្នកគាំទ្របានបង្ហាញអារម្មណ៍រំភើបចិត្តបាត់ទៅហើយបន្ទាប់ពីដឹងថា តារារ៉េប Jay Park បានចុចតាមដាន វណ្ណដា នៅលើគណនី Instagram ដែលជាតារាចម្រៀងកម្ពុជាដំបូងគេ ដែល Jay Park បានចុច Follow។
ទន្ទឹមនឹងនេះទស្សនិកជនបានបង្ហាញអារម្មណ៍រំភើបចិត្តនៅពេលតារាកូរ៉េ Jay Park បាន Add Story ពី វណ្ណដា បង្ហាញថាសំឡេងមកពីប្រទេសកម្ពុជា ខណៈ វណ្ណដា បានឆ្លើយតបវិញជាមួយនឹងសញ្ញាថាអរគុណទៅកាន់កូរ៉េខាងត្បូង។ ងាកទៅកាន់ MV ពីការច្រៀងរបស់ Jay Park វិញឃើញថាការថតរូបនេះក៏បង្ហាញពី វណ្ណដា ផងដែរ។ ការបង្ហាញដំរួយល្អៗពី Jay Park និង វណ្ណដា នេះគឺពិតជាធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តហើយសង្ឃឹមថាអ្នកទាំងពីរអាចចាប់ដៃគ្នាចេញបទចម្រៀងជាមួយគ្នានាពេលអនាគត។
ជាមួយនឹងការសហការ៥ប្រទេសនេះគឺបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនបានចាប់អារម្មណ៍ចុះផ្សាយជាបន្តបន្ទាប់ពីបទ «ASIAN STATE OF MIND» ខណៈបទនេះគឺកំពុងទទួលបានការគាំទ្រ ហើយមានការថតបង្ហោះឃើញថាបទនេះកំពុងចាក់នៅក្នុងហាងប្រទេសថៃផងដែរ៕










