សហរដ្ឋអាមេរិក ៖ ក្តីសុបិនរបស់មនុស្សគ្រប់គ្នាចង់ឃើញរថយន្តហោះនៅលើមេឃ គឺមិនយូរទៀតទេ ក្តីសុបិនពួកគេនឹងក្លាយជាការពិត ។ នៅខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុនអាមេរិកឈ្មោះ Alef Aeronautics បានបង្ហាញវីដេអូរថយន្តហោះលើអាកាសដ៏ទំនើបបំផុតម៉ាក Alef Model Zero និងត្រៀមលក់ឱ្យអតិថិជនដែលកុម្ម៉ង់ទិញនៅឆ្នាំ២០២៥ ។
Alef Aeronautics គឺជាក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកផលិតរថយន្តហោះរបស់អាមេរិក បានសាកល្បងឱ្យរថយន្តទំនើបនេះហោះលើអាកាសជាលើកដំបូង កាលពីថ្ងៃទី១៩ ខែកុម្ភៈ កន្លងមក ។ រថយន្តនេះអាចហោះទៅលើអាកាស និងហោះចុះមកក្រោមវិញនៅវាលស្មៅមួយកន្លែងក្បែរទីក្រុងសាន់តាម៉ាថេអូ រដ្ឋកាលីហ្វ័រញ៉ា ។
លោក Jim Duchovny នាយកក្រុមហ៊ុន Alef Aeronautics និយាយថា ក្រុមហ៊ុនបានសាកល្បងរថយន្តហោះដំបូងគេលើពិភពលោក ប៉ុន្តែលោកពុំបានបង្ហាញវីដេអូរថយន្តហោះលម្អិតទេ ដោយសារលោកចង់ការពារភាពជាម្ចាស់កម្មសិទ្ធិរបស់ក្រុមហ៊ុន និងធានាសុវត្ថិភាពដល់អតិថិជន មុនពេលក្រុមហ៊ុនលក់រថយន្តហោះជាផ្លូវការ ។.png)
រថយន្តហោះមានលក្ខណៈស្រដៀងនឹងរថយន្តធម្មតាដែរ គឺវាអាចចតនៅចំណតរថយន្ត និងបើកបរនៅតាមដងផ្លូវដូចរថយន្តធម្មតា ប៉ុន្តែវាមានពិសេស គឺអាចហោះបានចម្ងាយ ១៧០គីឡូម៉ែត្រ និងបើកបរលើផ្លូវបានចម្ងាយ ៣២០គីឡូម៉ែត្រ ។ រថយន្តនេះមានប្រព័ន្ធផ្តល់សុវត្ថិភាពដល់អ្នកបើកបរ, ប្រព័ន្ធគ្រប់គ្រងការបម្លាស់ទី, ប្រើប្រាស់ថាមពលអគ្គិសនី១០០%, មានប្រព័ន្ធផ្តល់ដំណឹងពីឧបសគ្គនៅខាងមុខ និងប្រព័ន្ធជាច្រើនទៀត ។

ក្រោយការសាកល្បងលើកដំបូងទទួលបានជោគជ័យ ក្រុមហ៊ុនគ្រោងសាកល្បងរថយន្តហោះបន្ថែមទៀតដើម្បីវិភាគទិន្នន័យបច្ចេកវិទ្យាយ៉ាងលម្អិត មុនពេលក្រុមហ៊ុនដំណើរការផលិតរថយន្ត ។ រថយន្តហោះ Alef Model Zero មានការទទួលស្គាល់ពីភ្នាក់ងារគ្រប់គ្រងអាកាសចរណ៍អាមេរិក និងអនុញ្ញាតឱ្យរថយន្តនេះហោះយ៉ាងស្របច្បាប់នៅអាមេរិក ។ បច្ចុប្បន្ន មានអតិថិជនកុម្ម៉ង់ទិញរថយន្តរហូតដល់ជាង៤០០គ្រឿង ហើយក្រុមហ៊ុននឹងចាប់ផ្តើមលក់រថយន្តហោះនៅឆ្នាំ២០២៥ ក្នុងតម្លៃ ៣សែនដុល្លារអាមេរិក ៕










