កាលពីកន្លងមកនេះតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហាញការគាំទ្រមិនឱ្យសិល្បករច្រៀងចម្រៀងមានពាក្យជេរប្រមាថពាក្យអសុរោះនិងបានផ្តល់បទសម្ភាសន៍ថានេះជាវប្បធម៌របស់ប្រទេសលោកខាងលិចយើងមិនអាចធ្វើតាមគេនោះទេ។ ទន្ទឹមនឹងនេះតារាចម្រៀងមានងារជាឧកញ៉ារូបនេះបានបង្ហោះមួយប្រយោគក្នុងន័យប្រៀបធៀបថាលោកមានបំណងល្អបែរជារងនូវពាក្យថាខ្លួនច្រណែនសិល្បករផ្សេងជាហេតុកាន់តែធ្វើឱ្យមានមតិជជែកវែកញែកផ្ទុះឡើង។
នៅថ្ងៃទី២៤ កុម្ភៈ ឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា «ឪពុកម្ដាយប្រដៅកូនចង់ឱ្យកូនល្អបែរជារងពាក្យថាច្រណែនកូន គ្រូប្រដៅសិស្សចង់ឱ្យសិស្សល្អបែរទៅរងពាក្យថាច្រណែនសិស្ស មិនយល់ មិនយល់ទេ»។ ក្នុងសំណេរនេះហាក់ឆ្លុះបញ្ចាំងឱ្យឃើញថាបំណងល្អរបស់ខ្លួនណែនាំទៅដល់សិល្បករជំនាន់ក្រោយទៅលើពាក្យពេចន៍បង្កប់ពាក្យអសុរោះដែលលោកបានលើកឡើងកន្លងមកត្រូវរងនូវសម្តីថាច្រណែនសិល្បករដទៃទៀត។.png)
ទោះយ៉ាងណា សំណេរខាងលើរបស់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានធ្វើឱ្យមានមតិជជែកញែកញែក ខណៈលោកក៏បានចូលទៅឆ្លើយតបដូចគ្នា។ អ្នកលេងបណ្តាញសង្គម បានបញ្ចេញមតិថា «មិនដែលឮគ្រូឯណាច្រណែនសិស្សទេ រឹតតែមិនដែលឮម្ដាយច្រណែនកូន តែបើអ្នកសិល្បៈច្រណែនអ្នកសិល្បៈឮច្រើនបង»។
ការខម្មិននេះលោកបានឆ្លើយតបវិញថា «ត្រូវហើយប្អូនប្រុសបងក៏មិនធ្លាប់ឮដែរ តែឥឡូវវាមានហើយ បងក៏ឆ្ងល់ដែរម៉េចបានទៅជាចឹងវិញ?»។
គណនីផ្សេងទៀតបានចូលទៅខម្មិនលើការបង្ហោះរបស់តារាចម្រៀងឧកញ៉ា ខេរមៈ សិរីមន្តថា «មានគ្រូឯណាប្រដៅសិស្សឱ្យល្អហើយជាប់ឈ្មោះច្រណែនសិស្សទេ រឹតតែគ្មានម៉ែពុកឯណាប្រដៅកូនឱ្យល្អហើយមានពាក្យថាច្រណែនកូននោះដែរ, តែបើអ្នកមិនចេះធ្វើភ្លេងខ្លួនឯង មិនចេះតែងចម្រៀងខ្លួនឯង ធ្លាប់តែ copy ពីគេមកច្រៀង ទៅច្រណែនគេដែលមានសមត្ថភាពធ្វើបទខ្លួនឯងច្រៀងគឺមាន ហើយមានច្រើនទៀត បើនិយាយឱ្យខ្លី HipHop Diss tracks មានពាក្យអសុរោះខ្លះជារឿងធម្មតា HipHopណាស់មានពាក្យអសុរោះខ្លះ ក៏គេមានជា Clean versionឱ្យស្តាប់តាមពិតជំនាញមានខុសគ្នា កុំច្រណែនគេអីល្អជាង បញ្ជាក់( ខ្ញុំថាទូទៅមិនចំពោះ ) មានយកដាក់ខ្លួនចុះ »។
ការបញ្ចេញមតិនេះតារាចម្រៀងប្រឡូកក្នុងអាជីពជាង២០ឆ្នាំបានឆ្លើយតបថា «បំណងល្អពីបងដើម្បីទំពាំងស្នងឬស្សីយុវជនជំនាន់ក្រោយហើយគ្រាន់តែដកពាក្យច្រៀងជេរប្រមាថគ្នាចេញសោះប្អូនៗថាបងច្រណែន។ អ៊ីចឹងមានន័យថាទាល់តែបណ្ដោយឱ្យប្អូនៗច្រៀងជេរគ្នាបានបងហ្នឹងល្អមិនច្រណែនមែនប្អូន។ មួយទៀតបងមានគ្រប់យ៉ាងទាំងសិល្បៈ ទាំងសេដ្ឋកិច្ច ទាំងកិត្តិយសទាំងអ្វីគ្រប់យ៉ាងបងមានអស់ហើយ តើមានអ្នកសិល្បៈរូបណាដែលបងត្រូវច្រណែននោះហើយបងក៏មិនដែលបញ្ចេញឈ្មោះសិល្បករណាម្នាក់ដែរ គឺនិយាយអប់រំទៅកាន់ទាំងអស់គ្នា ដែលបានប្រើពាក្យពេចន៍អសុរោះនិងច្រៀងជេរប្រមាថតែប៉ុណ្ណោះ»៕










