ប្រទេសអង់គ្លេស ៖ ក្រុមអ្នកស្រឡាញ់សត្វនៅប្រទេសអង់គ្លេស បាននាំគ្នាយកខ្ទិះដូងមកស្រោចលើក្បាលរបស់ខ្លួនតវ៉ានៅមុខស្ថានទូតថៃ ដើម្បីឱ្យថៃឈប់ប្រើប្រាស់កម្លាំងសត្វស្វាឡើងបេះផ្លែដូងសម្រាប់ផលិតខ្ទិះដូង ដោយពួកគេអះអាងថា វាជាការរំលោ.ភ សិទ្ធិសត្វ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ក្រុមអ្នកស្រឡាញ់សត្វ មកពីភ្នាក់ងារ PETA (People for the Ethical Treatment of Animals) បានប្រមូលផ្តុំគ្នាតវ៉ានៅខាងមុខស្ថានទូតថៃក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដោយការស្លៀកពាក់ខោអាវឆ្នូត ពណ៌ខ្មៅលាយស ដូចអ្នកទោស និងកាន់ស្លាកសញ្ញារាងផ្លែដូង ។ ពួកគេបានសរសេរអក្សរលើស្លាកសញ្ញាថា សត្វស្វាបានរងទុក្ខវេទនាដោយសារការផលិតខ្ទិះដូងនៅប្រទេសថៃ ហើយពួកគេសំណូមពរឱ្យថៃគោរពសិទ្ធិស្វា ។
ក្រុមអ្នកតវ៉ាទាំងនេះបានសរសេរក្នុងហ្វេសប៊ុកផេករបស់ភ្នាក់ងារ PETA ថា តាមការស៊ើបអង្កេតរបស់ភ្នាក់ងារ PETA នៅតំបន់អាស៊ីបង្ហាញថា ប្រទេសថៃបានបង្ខំឱ្យស្វាឡើងបេះផ្លែដូងសម្រាប់ផលិតខ្ទិះដូង ហើយស្វាទាំងនេះត្រូវបានចងដោយខ្សែខ្លីៗ និងពិបាកកម្រើកខ្លួន ។ លើសពីនេះ ថៃបានឃុំស្វាក្នុងទ្រុង និងឱ្យវាជញ្ទូនផ្លែដូងពីកន្លែងមួយទៅកន្លែងមួយទៀតមិនឈប់ឈរ ។ សត្វដ៏ឆ្លាតនេះគួរតែរស់នៅក្នុងព្រៃតាមធម្មជាតិ និងពុំគួរចាប់វាមកចងច្រវ៉ាក់ និងប្រើឱ្យធ្វើការរហូតដល់អស់កម្លាំងទេ ។
ក្រៅពីនេះ នៅប្រទេសថៃ ថែមទាំងមានសាលាបង្ហាត់ស្វាឱ្យចេះបេះផ្លែដូងទៀតផង ក្រុមអ្នកស្រឡាញ់សត្វនៅអង់គ្លេសបានឃើញថៃចងច្រវ៉ាក់កូនស្វាតូចៗ ឃុំក្នុងទ្រុង និងប្រមូលពួកវាទៅបេះផ្លែដូងគ្មានពេលសម្រាក ។ ថៃប្រើស្វាទាំងនេះឱ្យបេះផ្លែដូងតាំងពីពួកវានៅតូចៗ រហូតដល់អាយុច្រើនធ្វើការលែងកើត ។
ក្រោយពីហ្វេសប៊ុកផេករបស់ភ្នាក់ងារ PETA ដែលមានមនុស្សតាមដានជាង៥លាននាក់ បានផ្សព្វផ្សាយពីពលរដ្ឋអង់គ្លេសតវ៉ារឿងថៃជិះជាន់កម្លាំងពលកម្មស្វា ធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិ ។ មតិភាគច្រើនបានគាំទ្រចំពោះការតវ៉ានេះ ប៉ុន្តែអ្នកលេងបណ្តាញសង្គមថៃនិយាយថា ថៃបានផលិតខ្ទិះដូងរាប់លានប្រអប់ក្នុង១ថ្ងៃ ប៉ុន្តែថៃពុំបានប្រើកម្លាំងស្វាទាំងអស់ទេ ៕










