ថ្មីៗនេះយោងតាម TripAdvisor ដែលជាវេទិកាទេសចរណ៍អនឡាញឈានមុខគេរបស់ពិភពលោក បានប្រកាសពីចំណាត់ថ្នាក់នៃឆ្នេរស្អាតបំផុតក្នុងឆ្នាំ ២០២៥ ដើម្បីផ្តល់ឱ្យភ្ញៀវទេសចរនូវជម្រើសដ៏ល្អបន្ថែមទៀតប្រសិនបើពួកគេចង់ទៅទស្សនាឆ្នេរសមុទ្រ។ យោងតាម TripAdvisor និង CNN Travel បានចុះផ្សាយថា នៅចំណាត់ថ្នាក់លេខ ១ ឆ្នេរដែលស្អាតជាងគេបំផុតលើពិភពលោកនោះគឺ៖

ឆ្នេរ Elafonisi ដែលស្ថិតក្នុងប្រទេសក្រិក។ កន្លែងនេះគឺល្បីល្បាញដោយសារខ្សាច់ពណ៌ផ្កាឈូក និងទឹកថ្លាឈ្វង់ដូចកញ្ចក់ឆ្លុះដល់បាត។ ប្រសិនបើលោកអ្នកចង់មកទស្សនា ខែឧសភា ដល់ខែកញ្ញា គឺជាពេលវេលាដ៏ល្អបំផុតដើម្បីធ្វើដំណើរទៅកាន់ឆ្នេរ Elafonisi ។ 
រីឯចំណាត់ថ្នាក់ទី ២ បានទៅលើឆ្នេរ Banana Beach ក្នុងខេត្ត Phuket ប្រទេសថៃ ដែលជាកន្លែងដ៏ល្អបំផុតមួយសម្រាប់ការជិះទូក និងជិះឆ័ត្រយោង ហើយភ្ញៀវក៏អាចមុជចូលទៅក្នុងសមុទ្រដើម្បីមើលផ្កាថ្ម និងត្រីចម្រុះពណ៌ផងដែរ។

ចំពោះចំណាត់ថ្នាក់ទី ៣ គឺឆ្នេរ Eagle ដែលមានទីតាំងនៅ Oranjestad,Aruba ប្រទេសហូឡង់ ក៏ជាប់ក្នុងបញ្ជីឆ្នេរស្អាតបំផុតរបស់ពិភពលោកក្នុងឆ្នាំ ២០២៥ ផងដែរ។ Eagle Beach គឺជាឆ្នេរមួយដែលមានខ្សាច់សទន់ ទឹកក្តៅ និងថ្ងៃលិចដ៏គួរឱ្យចាប់ឱ្យចាប់អារម្មណ៍។ 
ចំណែកឆ្នេរ Siesta នៅសហរដ្ឋអាមេរិក គឺបានជាប់ចំណាត់ថ្នាក់ទី ៤ នៅក្នុងបញ្ជីរបស់ TripAdvisor ដែលឆ្នេរនេះមានខ្សាច់ល្អឥតខ្ចោះ សំបកសមុទ្រ និងទឹកថ្លាគួរឱ្យចង់គយគន់។ អ្នកទស្សនាអាចទៅលេង Siesta នៅរដូវក្តៅ និងរដូវស្លឹកឈើជ្រុះ ដោយសាររដូវទាំងពីរនេះជារដូវដែលស្ងប់ស្ងាត់ មិនសូវមានភ្ញៀវកកកុញពេកទេ។
ចុងក្រោយនៅចំណាត់ថ្នាក់ទី ៥ ឆ្នេរដែលស្អាតជាងគេនោះគឺបានទៅលើឆ្នេរ Falésia ប្រទេសព័រទុយហ្គាល់។ ឆ្នេរដ៏ស្រស់ស្អាតនេះមានភាពល្បីល្បាញដោយសារឆ្នេរខ្សាច់ពណ៌មាស និងទឹកពណ៌ខៀវថ្លា នៅក្រោមច្រាំងថ្មចោទដ៏អស្ចារ្យ៕










