«ទឹកធ្លាក់ថ្មក្រាល» គឺជារមណីយដ្ឋានដ៏ទាក់ទាញមួយ ស្ថិតនៅភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលភ្ញៀវទេសចរគ្រប់ជាតិសាសន៍មិនគួររំលងនោះទេ។ នៅទីនេះគឺពិតជាមានទេសភាពស្រស់ស្អាតខ្លាំងណាស់ ដោយមានសម្រស់ធម្មជាតិនៃទឹកធ្លាក់យ៉ាងស្រស់ត្រកាល គួរជាទីមនោរម្យ អាចឱ្យភ្ញៀវទេសចរ ទស្សនាលំហែកាយ ងូតទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយ ស្រស់ស្រូបអាហារជុំគ្រួសារ ឬជួបជុំមិត្តភ័ក្រ្ត នៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ ស្រូបយកខ្យល់អាកាសដ៏ត្រជាក់បរិសុទ្ធ លាងជម្រះនូវភាពនឿយហត់ តប់ប្រមល់ និងទុក្ខសោកទាំងឡាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia44Tnvi9rgI-cVLJOykkC4NrQ-Zr8Js5snPl9HaDE-3O4Dtc0DFmZDKTsaCvCvlLKI7Hri1waBSFJOnf_7ak0gHQ_207qFiS4d9GKbDGS8-Me8WLO2bDcrJp_X6PmsJjGYzgdD-RDwivZliRVpo-ReMXqGaVrHHRm0NSEcyUFHGbj_Ny4y8gbR0w3p5yC/s1280/photo_2025-02-20_13-11-54.jpg

ទឹកធ្លាក់ថ្មក្រាលមានបរិស្ថានល្អ ដែលធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តមិនចេះជិនណាយនោះទេ ដោយសារនៅក្នុងតំបន់នោះមានទឹកធ្លាក់ពីលើភ្នំដែលអាចឱ្យមនុស្សចាស់ និងក្មេងងូតទឹកលេងកម្សាន្តនៅក្រោមម្លប់ឈើតូចធំបានយ៉ាងងាយស្រួលបំផុត។ ក្រៅពីងូតទឹកលេងកម្សាន្ត ភ្ញៀវទេសចរក៏អាចអង្គុយលេង ហូបអាហារបែបស្រុកស្រែឆ្ងាញ់ៗ និងគយគន់ទេសភាពធម្មជាតិដ៏ខៀវស្រងាត់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKyfxB342w-AkG2GiNxwFBhYUi6wi927A933a-LyxwIyvvotIRzGNmKBvivvmC-DMhEW0x74Vu6Xzt7CAMvttRg0yNgngBsL6xsldi6yc1Fk3cdvsY5yY7SpcUqy22bVSp756S9fVhcy53sJpL-5z_tQIEjm_Meqh5UnAPK7fypm4L9BK4m0z0yQefKYfp/s1280/photo_2025-02-20_13-11-55.jpg

ដូច្នេះដើម្បីទៅដល់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល លោកអ្នកត្រូវធ្វើដំណើរចេញពីទីរួមខេត្តកំពង់ឆ្នាំង តាមផ្លូវជាតិលេខ៥៣ ទៅដល់ផ្សារស្រុកទឹកផុស ត្រូវបន្តដំណើរឆ្លងកាត់ផ្លូវរថភ្លើង រហូតដល់ជិតវត្តក្នុងខ្លុងពពក ដែលមានចម្ងាយជាង ៣០ គីឡូម៉ែត្រ រួចបត់ស្តាំតាមផ្លូវក្រាលកៅស៊ូ និងក្រួសក្រហមជាង ២០ គីឡួម៉ែត្រទៀត ទើបដល់ទៅដល់រមណីយដ្ឋានដ៏ស្រស់ស្អាតមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgih5o2F5dbgE5lF-6F5pQ5RNCU4N1uWEQlXXs5TVPaBqrVT0PDFF8FNRsBJE8cZAN3CI9M-iR1_DiF52efXiDqYE4PqA2YjDv-_NcJ92vX0WCK32t7Xa9b5A2kCkelvVMb_cZC7ZLTFFpQjYDprjFgl1ckiveHledq03fS3siKjHVZdpWCEhCCmVPAHg1_/s1280/photo_2025-02-20_13-11-57.jpg

រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលគឺរមណីយដ្ឋានធម្មជាតិមួយដ៏សំខាន់ ដែលប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុកមកលេងកម្សាន្តជាហូរហែ ជាពិសេសគឺថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យទានតែម្តង ដោយសារនៅទីនោះមានទឹករាក់ដែលអាចលេងកម្សាន្តពីក្មេងរហូតដល់មនុស្សចាស់ មិនមានគ្រោះថ្នាក់ទេ គឺមានសុវត្ថិភាពណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ-Js5OZ44HAG6lX-0oGqsAHxmplHyeTn2D1XUqo9mFrsnWHnaFFRQBy9LHBXM2zsfEIJPbpj1niSJe45FnsqvjYJi4fR7eDqXznQob7n8APWihX7v8h43KWFcbGfdfJSLKQmZexhqsI6WvXeV1BdOWYkW-ckXiC2vUdY0ImeCwE62haV1gmUw65lLOOMu/s1280/photo_2025-02-20_13-12-00.jpg

ទោះជាយ៉ាងណា បងប្អូនដែលទៅលេងកម្សាន្តនៅរមណីយដ្ឋាននានានៅខេត្តកំពង់ឆ្នាំង សូមមេត្តាចូលរួមថែរក្សាបរិស្ថានផង ជាពិសេសកុំបោះចោលសំរាមពាសវាលពាសកាល ដោយបងប្អូនហូបរួចត្រូវច្រកថង់ បោះចូលទៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ដើម្បីសុខភាពយើង និងសហគមន៍យើង ទីក្រុងស្អាត អនាម័យល្អ៕