ទម្លាប់នៃការជិះកង់ គឺពិតជាផ្ដល់ផលប្រយោជន៍ច្រើនខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិនីមួយៗ ពីព្រោះវាបានចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងកាត់បន្ថយបន្ទុកចំណាយនានា រួមទាំងជាផ្នែកមួយជំនួយដល់សុខភាពរាងកាយទៀតផង។
នេះបើយោងតាមការសិក្សាស្រាវជ្រាវក្នុងឆ្នាំ ២០២០ តាមរយៈការស្ទង់មតិជាមួយមនុស្ស ៤៣០០០ នាក់ក្នុង ៥២ ប្រទេសរបស់គ្រឹះស្ថានស្រាវជ្រាវ Dalia ដែលមានទីតាំងនៅអាល្លឺម៉ង់ និងយោងតាមគេហទំព័របរទេស Euro News បានឱ្យដឹងថា៖
នៅលើពិភពលោកយើងនេះប្រទេសដែលមានប្រជាជននិយមជិះកង់ច្រើនជាងគេបំផុតនោះគឺ “ប្រទេសហូឡង់”។ ប្រទេសហូឡង់មានប្រជាជនប្រមាណ ១៨ លាននាក់ ប៉ុន្តែចំនួនកង់វិញគឺមានរហូតដល់ ២៤.១ លានគ្រឿងឯណោះ មានន័យថា មនុស្សម្នាក់យ៉ាងហោចណាស់ក៏មានកង់ ២ ទៅ ៣ គ្រឿងសម្រាប់ការធ្វើដំណើរផ្លូវជិត-ផ្លូវឆ្ងាយ ឬសម្រាប់ជិះហាត់ប្រាណជាដើម។ នេះបើយោងតាមស្ថិតិពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០២៣ ចំនួនកង់នៅក្នុងប្រទេសហូឡង់គឺបានកើនឡើងប្រហែលមួយភាគបីហើយ។
មូលហេតុដែលប្រជាជននៅក្នុងប្រទេសអឺរ៉ុបមួយនេះមានទម្លាប់ជិះកង់ គឺដោយសារក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ទីក្រុងហូឡង់ជារឿយៗត្រូវបានស្ទះដោយរថយន្ត ខណៈដែលផ្លូវត្រូវបានសាងសង់ក្នុងយុគសម័យកណ្តាល មិនស័ក្តិសមសម្រាប់យានជំនិះប្រភេទនេះទេ។ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាញឹកញាប់ ធ្វើឱ្យមនុស្សជាង ៣.០០០ នាក់ស្លាប់ ដូច្នេះរដ្ឋាភិបាលហូឡង់ក៏ចាប់ផ្តើមផ្តោតលើកង់វិញ ដោយបោះបង់គម្រោងផែនការទីក្រុងរបស់ខ្លួនដែលផ្តោតលើរថយន្ត។ 
យោងតាមការស្រាវជ្រាវដែលបានចេញផ្សាយនៅលើគេហទំព័ររបស់សមាគមសុខភាពសាធារណៈអាមេរិកក្នុងឆ្នាំ ២០១៥ បានរកឃើញថាការជិះកង់អាចការពារការស្លាប់ប្រហែល ៦,៥០០ នាក់ក្នុងមួយឆ្នាំ និងបង្កើនអាយុសង្ឃឹមជាមធ្យមរបស់ប្រជាជនហូឡង់កន្លះឆ្នាំ។ សរុបមកវិញ មូលហេតុដែលប្រជាជនហូឡង់និយមជិះកង់ គឺដោយសារកត្តាភូមិសាស្ត្ររបស់ប្រទេសនេះសម្បូរទៅដោយដីទំនាប ដែលងាយស្រួលក្នុងការធ្វើដំណើរដោយកង់ ជាជាងរថយន្ត។ 
ម្យ៉ាងទៀតកង់ក៏ជាមធ្យោបាយដែលមានតម្លៃសមរម្យ និងសមស្របទៅនឹងស្ថានភាពហេដ្ឋារចនាសម្ពន្ធ័ក្នុងទីក្រុង ខណៈទីក្រុងភាគច្រើននៅប្រទេសហូឡង់មានសភាពតូចចង្អៀត និងខ្វាត់ខ្វែងច្រើន ជាហេតុធ្វើឱ្យប្រទេសហូឡង់មានប្រជាជននិយមជិះកង់ច្រើនជាងគេបំផុតនៅលើពិភពលោក៕










