ប្រទេសតួកគី ៖ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ព្យុះព្រិលបានបោកបក់យ៉ាងខ្លាំងមកលើប្រទេសតួកគី ដែលធ្វើឱ្យរដ្ឋាភិបាលបញ្ជាឱ្យបិទសាលារៀនជាច្រើនកន្លែង និងហាមពលរដ្ឋចេញក្រៅផ្ទះ បើគ្មានការងារចាំបាច់ ។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍នានាបានប្រកាសផ្អាក ឬលុបចោលការធ្វើដំណើរតាមយន្តហោះទាំងអស់ ដើម្បីរង់ចាំឱ្យអាកាសធាតុល្អប្រសើរឡើងវិញ ។

ពលរដ្ឋតួកគីពុំអាចធ្វើដំណើរនៅតាមផ្លូវនានាបានទេ ហើយពួកគេក៏សម្រុកមកជិះរថភ្លើងក្រោមដីរហូតដល់កកស្ទះ ។ វីដេអូដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម គេបានឃើញមនុស្សជាច្រើននាក់ឈរប្រជ្រៀតគ្នាយ៉ាងណែន និងពិបាកដកដង្ហើមនៅស្ថានីយរថភ្លើងក្រោមដីក្នុងទីក្រុងអ៊ីស្តង់ប៊ុល ។
ព្យុះព្រិលធ្វើឱ្យផ្លូវនានានៅប្រទេសតួកគីគ្របដណ្តប់ទៅដោយព្រិល ខណៈសាឡាងដឹកអ្នកដំណើរបានផ្អាកបណ្តោះអាសន្ន ។ ហេតុនេះ ពលរដ្ឋក៏សម្រេចចិត្តធ្វើដំណើរតាមរថភ្លើងក្រោមដីជំនួស និងធ្វើឱ្យស្ថានីយរថភ្លើងក្រោមដីនីមួយៗមានអ្នកដំណើរណែនណាន់តាន់តាប់ ឈរប្រជ្រៀតគ្នា ដើរទៅមុខលែងរួច ។
សារព័ត៌មានបរទេសរាយការណ៍ថា ព្យុះព្រិលបានបោកបក់យ៉ាងខ្លាំងមកលើទីក្រុងអ៊ីស្តង់ប៊ុល ធ្វើឱ្យរថយន្ត និងម៉ូតូជាច្រើនគ្រឿង ដែលគ្មានកង់ពិសេសសម្រាប់បើកបរលើព្រិល រអិលធ្វើដំណើរទៅមុខលែងកើត ។ ពលរដ្ឋជាច្រើនបានចតយានជំនិះរបស់ពួកគេនៅចិញ្ចើមផ្លូវ និងដើរទៅផ្ទះ ។
ពលរដ្ឋម្នាក់រៀបរាប់ថា ផ្ទះខ្ញុំនៅឆ្ងាយពីទីនេះត្រឹមតែ៥០០ម៉ែត្រ ប៉ុន្តែខ្ញុំពុំអាចបើករថយន្តទៅផ្ទះបាន ដោយសាររថយន្តគ្មានកង់ពិសេសសម្រាប់បើកបរលើព្រិល ។ ខ្ញុំគ្មានជម្រើសទេ ក្រៅពីការអង្គុយរង់ចាំក្នុងរថយន្ត ។ បើព្រិលនៅតែធ្លាក់ខ្លាំង ខ្ញុំនឹងដើរទៅផ្ទះ ហើយចតរថយន្តនៅទីនេះ ។
រីឯពលរដ្ឋម្នាក់ទៀតប្រាប់ថា ផ្លូវនានាពិបាកធ្វើដំណើរខ្លាំងណាស់ យើងមានបញ្ហាច្រើន ធ្វើអ្វីពុំបានទេ ប៉ុន្តែយើងក៏ត្រូវប្រកបការងាររកស៊ីចិញ្ចឹមជីវិតបន្តទៀត ៕










