ប្រព័ន្ធផ្សព្វផ្សាយ TMZ បានរាយការណ៍ថា Selena Gomez និងគូស្នេហ៍ Benny Blanco បានទិញផ្ទះជាមួយគ្នាកាលពីខែធ្នូ ឆ្នាំ២០២៤ ក្នុងខែដែលពួកគេបានប្រកាសពីការភ្ជាប់ពាក្យរបស់ពួកគេ។ ផ្ទះនេះមានតម្លៃ ៣៥ លានដុល្លារដែលជាការទិញដ៏ថ្លៃបំផុតនៅក្នុងឆ្នាំ២០២៤ ។
វីឡាតម្លៃរាប់លានដុល្លារនេះត្រូវបានសាងសង់តាមបែបអេស្ប៉ាញ មានបន្ទប់គេង ៧ បន្ទប់ទឹក ១២ ។ លើសពីនេះ អចលនទ្រព្យដ៏ប្រណីត និងធំទូលាយនេះ ក៏មានបណ្ណាល័យ ផ្ទះកញ្ចក់ កន្លែងហាត់ប្រាណ អាងហែលទឹក ។ ផ្ទះនេះធ្លាប់ជាកម្មសិទ្ធិរបស់អ្នកដឹកនាំរឿងហូលីវូដដ៏ល្បីល្បាញ។
Selena មានទំនាក់ទំនងស្នេហាជាមួយ Benny Blanco តាំងពីខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីរាប់អានគ្នាជាមិត្តស្និទ្ធស្នាល និងសហការជាមួយគ្នាជាច្រើនឆ្នាំ។ យោងតាមការលាតត្រដាងរបស់ Selena និង Benny គូស្នេហ៍មួយគូនេះបានផ្លាស់ទីលំនៅជាមួយគ្នាជាយូរមកហើយ។ នៅក្នុងការសន្ទនាជាមួយទស្សនាវដ្ដី People កាលពីឆ្នាំ២០២៤ Benny បាននិយាយថា អ្វីដែលលោកចូលចិត្តធ្វើរាល់ថ្ងៃគឺក្រោកពីព្រលឹមជាមួយ Selena ។ តន្ត្រីករវ័យ ៣៧ ឆ្នាំរូបនេះបានសារភាពថា «ជារៀងរាល់ថ្ងៃជាមួយ Selena គឺជាថ្ងៃដ៏ល្អបំផុតនៃជីវិតរបស់ខ្ញុំ»។
កាលពីមុន Benny បានចែករំលែកនៅក្នុងកម្មវិធីជជែកមួយក្នុងខែឧសភា ឆ្នាំ២០២៤ ថាលោកសុបិនចង់មានផ្ទះ និងកូនជាមួយ Selena ។ នៅថ្ងៃទី១២ ខែធ្នូ Selena បានប្រកាសភ្ជាប់ពាក្យជាមួយ Benny Blanco ហើយបានបង្ហាញរូបថតជាច្រើនសន្លឹកដែលពាក់ចិញ្ចៀនភ្ជាប់ពាក្យ។ ចិញ្ចៀននោះមានតម្លៃប្រហែល ១ លានដុល្លារ។
នៅថ្ងៃបុណ្យនៃក្តីស្រលាញ់ថ្ងៃទី ១៤ ខែកុម្ភៈ គូស្នេហ៍តារាមួយគូនេះបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនៅពេលដែលពួកគេបានប្រកាសថាពួកគេនឹងចេញអាល់ប៊ុមរួមគ្នាមួយដែលមានឈ្មោះថា I Said I Love You First ។ អាល់ប៊ុមនេះប្រាប់ពីរឿងរ៉ាវស្នេហារបស់ Selena និង Benny ហើយគ្រោងនឹងចេញនៅថ្ងៃទី ២១ ខែមីនា៕










