ប្រទេសឥណ្ឌូណេស៊ី ៖ យុវជនឥណ្ឌូណេស៊ីកាន់តែច្រើនឡើងៗចង់ទៅធ្វើការនៅបរទេស ពីព្រោះអស់សង្ឃឹមនឹងប្រទេសរបស់ខ្លួនគ្មានការអភិវឌ្ឍ ហើយរដ្ឋាភិបាលពុំអាចដឹកនាំប្រទេសឱ្យរីកចម្រើនជាងនេះ ។

នៅឆ្នាំ២០២៥ ប្រទេសឥណ្ឌូណេស៊ីកំពុងប្រឈមនឹងបញ្ហាយុវជនចង់ទៅធ្វើការនៅបរទេស និងពុំចង់ត្រឡប់មកវិញ ដោយសារមើលឃើញពីកត្តាអវិជ្ជមានជាច្រើន ដូចជា ៖ ស្ថានភាពសេដ្ឋកិច្ចមិនល្អ ពិបាករកការងារធ្វើ ហើយរដ្ឋាភិបាលពុំអាចដឹកនាំប្រទេសឱ្យរីកចម្រើនជឿនលឿន ។
យុវជនឥណ្ឌូណេស៊ីជាច្រើននាក់បាននិយាយពីអារម្មណ៍របស់ខ្លួនក្នុងបណ្តាញសង្គមថា ពួកគេគ្មានសេចក្តីសុខក្នុងការរស់នៅប្រទេសរបស់ខ្លួន ដោយសារពុំសូវសម្បូរការងារ សេដ្ឋកិច្ចធ្លា្លក់ ពលរដ្ឋរស់នៅក្នុងជីវភាពលំបាក ហើយរដ្ឋាភិបាលបច្ចុប្បន្ន ពុំកំណត់គោលនយោបាយជំរុញឱ្យពលរដ្ឋមានជីវភាពធូរធា ។ ហេតុនេះ ពួកគេគ្មានសង្ឃឹមថា នឹងមានអនាគតល្អប្រសើរជាងនេះទេ សម្រាប់ថ្ងៃអនាគត ។
អ្នកស្រាវជ្រាវជាន់ខ្ពស់របស់ស្ថាប័នស្រាវជ្រាវ ISEAS- Yusof Ishak នៅប្រទេសសិង្ហបុរីឱ្យដឹងថា បច្ចុប្បន្ន យុវជនឥណ្ឌូណេស៊ីស្វែងរកផ្លូវចេញទៅធ្វើការនៅបរទេស ពីព្រោះពួកគេមានអារម្មណ៍អស់សង្ឃឹមនឹងប្រទេសរបស់ខ្លួន ។ វាគ្មានអ្វីល្អប្រសើរទេនៅឥណ្ឌូណេស៊ី ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងច្បាប់ ។
យុវជនឥណ្ឌូណេស៊ីឈ្មោះ Joel Sumitro បានធ្វើការនៅអាល្លឺម៉ង់ តាំងពីឆ្នាំ២០១១ ក្រោយពីបញ្ចប់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Washington ។ ក្រោយមក យុវជនរូបនេះក៏បានផ្លាស់ទៅធ្វើការនៅអាមេរិក និងសិង្ហបុរី និងសម្រេចចិត្តត្រឡប់មកធ្វើការនៅឥណ្ឌូណេស៊ី នៅឆ្នាំ២០១៨ ។ ប៉ុន្តែពេលមកធ្វើការនៅឥណ្ឌូណេស៊ីបាន៤ឆ្នាំ យុវជនរូបនេះក៏ត្រឡប់ទៅធ្វើការនៅអាល្លឺម៉ង់វិញ ដោយសារយល់ថា ឥណ្ឌូណេស៊ីពុំអភិវឌ្ឍន៍ ។

លោក Sumitro ប្រាប់ថា ៖ «ខ្ញុំបានត្រឡប់មកធ្វើការនៅឥណ្ឌូណេស៊ីប៉ុន្តែទីបំផុត ខ្ញុំក៏សម្រេចចិត្តទៅធ្វើការនៅបរទេស ដោយសារចង់បានបទពិសោធន៍គ្រប់គ្រងក្រុមការងារដែលមានបុគ្គលិកច្រើនជាតិសាសន៍ ។ យុវជនឥណ្ឌូណេស៊ីដែលចង់ធ្វើការក្នុងក្រុមហ៊ុនបច្ចេកវិទ្យា គួរតែទៅធ្វើការនីសិង្ហបុរី អាំស្ទែដាំ និងតូក្យូ ពីព្រោះទីនោះ ស័ក្តិសមសម្រាប់អ្នកចង់ចាកចេញពីប្រទេស» ។
ដូចគ្នានេះ យុវជនឥណ្ឌូណេស៊ីម្នាក់ទៀតឈ្មោះ Premawan Satrio បានមករស់នៅកូរ៉េខាងត្បូងតាំងពីឆ្នាំ២០២០ ប្រាប់ថា ទោះជាបច្ចុប្បន្ន យុវជនភាគច្រើនគ្រាន់តែត្អូញត្អែរចង់ចាកចេញពីប្រទេសក្នុងបណ្តាញសង្គម ប៉ុន្តែរដ្ឋាភិបាលគួរតែភ្ញាក់ខ្លួន និងកែលម្អគោលនយោបាយផ្សេងៗឱ្យល្អជាងមុន ។ រដ្ឋាភិបាលត្រូវផ្តល់ឱកាសឱ្យពលរដ្ឋមានការងារធ្វើឱ្យបានច្រើនដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ បើរដ្ឋាភិបាលពុំគិតគូរពីអនាគតពលរដ្ឋទេ ពួកគេនឹងរត់ចោលប្រទេសហើយ ៕










