«ភូមិឋានកេងកង» ដែលមានទីតាំងស្ថិតនៅក្នុងភូមិគគីជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង គឺជាកន្លែងទេសចរណ៍ថ្មីមួយ ដែលអាចឱ្យទេសចរគ្រប់ជាតិសាសន៍មកទស្សនា និងសម្រាកលម្ហែកាយជាមួយទេសភាពធម្មជាតិនៃពណ៌បៃតងខៀវខ្ចី ក៏ដូចជាអាចស្រូបយកខ្យល់អាកាសដ៏សែនត្រជាក់បរិសុទ្ធ រួមទាំងជាកន្លែងបោះតង់តាមដងអូរ ដែលមានទឹកហូរពីស្ទឹងតាតៃ ជាមួយទិដ្ឋភាពស្ងប់ស្ងាត់ គួរជាទីមនោរម្យ។

ភ្ញៀវទេសចរដែលមកទីនេះ មិនត្រឹមតែទទួលបានអារម្មណ៍ស្រស់ស្រាយ ជ្រះអស់ទុក្ខកង្វល់ប៉ុណ្ណោះទេ លោកអ្នកក៏អាចរីករាយនូវការងូតទឹកលេងកម្សាន្ត អាំងសាច់ដើម្បីញ៊ាំជុំគ្នាជាមួយបងប្អូន គ្រួសារ និងមិត្តភក្តិផងដែរ។ ភូមិឋានកេងកង មានទីធ្លាធំទូលាយ អមដោយបរិវេណវាលស្មៅខៀវខ្ចីជាប់មាត់ទឹក ជាប់ផ្លូវ សុវត្ថិភាពល្អ ជាពិសេសក៏មានបន្ទប់ទឹកស្អាត សេវាទូរស័ព្ទ 4G និងមានបណ្តាញអគ្គិសនី ២៤ ម៉ោងទៀតផង។
ដូច្នេះដើម្បីទៅដល់គោលដៅដ៏សម្បូរបែបនេះលោកអ្នកមិនចាំបាច់ចំណាយកម្លាំងច្រើនសម្រាប់ការធ្វើដំណើរនោះទេ ពោលគឺលោកអ្នកអាចធ្វើដំណើរដោយម៉ូតូ ឬរថយន្តទៅដល់ទីតាំងនោះតែម្ដង ដែលស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ ក្រៅពីការកម្សាន្តនៅ ភូមិឋានកេងកង ភ្ញៀវទេសចរក៏អាចចូលទិញផ្លែឈើហូបផ្លែ ដូចជាផ្លែប័រ ទុរេន សាវម៉ាវ និងបន្លែធម្មជាតិជាច្រើនទៀតរបស់កសិករ ដែលមានតម្លៃសមរម្យបំផុត៕










