សេដ្ឋវិទូមកពីស្ថាប័នហិរញ្ញវត្ថុលំដាប់ពិភពលោក ដូចជា ៖ ស្ថាប័ន Morgan Stanley និង Nomura Holdings Inc. បានដាស់តឿនថា ប្រទេសថៃ និងឥណ្ឌា គួរតែត្រៀមខ្លួនទទួលការដំឡើងពន្ធទំនិញរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ។ រីឯមូលហេតុដែលអាមេរិកដំឡើងពន្ធទំនិញ ដោយសារប្រទេសទាំងពីរនេះបានយកពន្ធទំនិញនាំចូលពីអាមេរិកខ្ពស់ ។

ហេតុនេះ លោក Trump នឹងឆ្លើយតបវិញ ដោយការដំឡើងពន្ធទំនិញនាំចូលពីប្រទេសថៃ និងឥណ្ឌា ។ សេដ្ឋវិទូម្នាក់មកពីស្ថាប័ន Nomura Holdings Inc. និយាយថា ប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ គួរតែប្រញាប់ចរចាជាមួយមេដឹកនាំអាមេរិកអំពីបញ្ហាការដំឡើងពន្ធទំនិញ ។
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក Trump ប្រកាសថា នឹងដំឡើងពន្ធទំនិញប្រទេសផ្សេងៗ ហើយក្រោយលោក Trump ប្រកាសបែបនេះ ក្រុមហ៊ុននាំចូលឧស្ម័នធម្មជាតិដ៏ធំរបស់ឥណ្ឌាបានចរចាទិញប្រេងឥន្ធនៈបន្ថែមទៀតពីអាមេរិក ។ រីឯប្រទេសថៃវិញកំពុងពិចារណាទិញទំនិញពីអាមេរិកដូចគ្នាដែរ និងត្រៀមនាំចូលឧស្ម័នអេតាន និងទំនិញកសិករអាមេរិក ដើម្បីកុំឱ្យអាមេរិកដំឡើងពន្ធទំនិញថៃ ។
.png)
គួរបញ្ជាក់ថា ប្រទេសឥណ្ឌាបានយកពន្ធទំនិញអាមេរិកក្នុងអត្រាខ្ពស់ជាងអាមេរិកយកពន្ធទំនិញឥណ្ឌា រហូតដល់ជាង១០% ទើបធ្វើឱ្យឥណ្ឌាប្រឈមមុខខ្លាំងដែលអាមេរិកនឹងដំឡើងវិញ ។ សេដ្ឋវិទូម្នាក់ទៀតមកពីស្ថាប័ន Morgan Stanley និយាយថា ឥណ្ឌា និងថៃ គឺជាប្រទេសដែលលោក Trump នឹងដំឡើងពន្ធទំនិញចាប់ពី៤% ទៅ៦% ។ ដូច្នេះ ឥណ្ឌាមានគម្រោងទិញអាវុធ ថាមពល និងយន្តហោះពីអាមេរិក ដើម្បីចៀសវាងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ។
មហាជនចាត់ទុកថា ការដំឡើងពន្ធទំនិញលើកនេះរបស់លោក Trump គឺខ្លាំងជាងការដំឡើងពន្ធទំនិញលើកមុនទៅទៀត ហើយវានឹងធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងប្រទេសផ្សេងៗកាន់តែក្តៅគគុក ៕










