សហរដ្ឋអាមេរិក ៖ លោក Donald Trump ប្រធានាធិបតីអាមេរិកអះអាងថា សង្គ្រាមនៅប្រទេសអ៊ុយក្រែននឹងបញ្ចប់ឆាប់ៗ ក្រោយពីលោកបានជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អស់រយៈពេលយ៉ាងយូរ និងទទួលបានលទ្ធផល កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ។
នេះជាលើកទី១ ដែលលោក Trump បានជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី តាំងពីលោកឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករា ឆ្នាំ២០២៥ ។ លោកបានបញ្ជាក់ពីគោលជំហរច្បាស់លាស់ទៅកាន់ទីប្រឹក្សារបស់លោកថា លោកនឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនឱ្យបានឆាប់រហ័សបំផុត ។
មន្ត្រីរដ្ឋាភិបាលរបស់លោក Trump ជាច្រើនរូបរំពឹងថា ការផ្លាស់ប្តូរអ្នកទោសកាលពីថ្ងៃទី១១ ខែកុម្ភៈ កន្លងមក គឺបង្ហាញពីការព្យាយាមជាថ្មីដើម្បីបញ្ចប់សង្គ្រាមអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ ។ បច្ចុប្បន្ន មេដឹកនាំទាំង២រូបបានសន្ទនាគ្នា ក្រោយពីរដ្ឋាភិបាលអាមេរិក និងរុស្ស៊ី ស្ងប់ស្ងាត់ដាក់គ្នាជាច្រើនឆ្នាំ ។
លោក Trump បានសរសេរក្នុងបណ្តាញសង្គម Truth Social ថា ៖ «យើងបានពិភាក្សាពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន, មជ្ឈិមបូព៌ា, ថាមពល, បច្ចេកវិទ្យា AI, ប្រាក់ដុល្លារអាមេរិក និងប្រធានបទជាច្រើនទៀត ។ យើងយល់ព្រមធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធ ហើយយើងបានអញ្ជើញគ្នាធ្វើដំណើរទស្សនកិច្ចទៅវិញទៅមក និងបញ្ជូនក្រុមមន្ត្រីតំណាងប្រទេសទាំងពីរចរចាគ្នា ។ យើងនឹងជូនដំណឹងទៅប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ពីការសន្ទនានេះ» ។
លោក Trump បន្តថា ប្រធានាធិបតីរុស្ស៊ីប្រើប្រាស់ពាក្យសម្តីជាមួយលោកដោយការប្រុងប្រយ័ត្ន ខណៈមន្ត្រីវិមានក្រឹមឡាំងបញ្ជាក់ថា លោក Trump បានជជែកតាមទូរស័ព្ទជាមួយលោក Putin រយៈពេលយូរជិត៩០នាទី ។
.png)
អ្នកជំនាញនិយាយថា តាមសេចក្តីថ្លែងការណ៍របស់សេតវិមានអាមេរិក និងវិមានក្រឹមឡាំងរបស់រុស្ស៊ី ស្តីពីការសន្ទនាតាមទូរស័ព្ទរវាងលោក Trump និងលោក Putin នេះគឺជាការជជែកគ្នាប្រកបដោយភាពស្និទ្ធស្នាល និងមិត្តភាព ។

កាលពីខែកុម្ភៈ ឆ្នាំ២០២២ លោក Trump ប្រកាសថា លោកនឹងធ្វើជាអ្នកសម្របសម្រួលការចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលកើតឡើងដោយសារការឈ្លានពានរបស់រុស្ស៊ី ។ ជំនួយការរបស់លោក Trump បាននិយាយនាពេលថ្មីៗនេះថា មេដឹកនាំអាមេរិកនឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ក្រោយការបង្កើតរដ្ឋាភិបាលថ្មីរយៈពេល១០០ថ្ងៃ គឺសង្គ្រាមនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៥ ៕










