អ្នកជំនាញនៅសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក បានបង្ហាញលទ្ធផលការស្រាវជ្រាវថ្មីមួយ ក្រោយពីពួកគេចំណាយពេលរហូតដល់២៥ឆ្នាំ តាមដានការបរិភោគចំណីអាហាររបស់មនុស្សជិត១១ម៉ឺន២ពាន់នាក់ ដើម្បីវាយតម្លៃផលប៉ះពាល់សុខភាពដោយសារជំងឺទឹកនោមផ្អែម ប្រភេទទី២ ។ លទ្ធផលការស្រាវជ្រាវបញ្ជាក់ថា ការបរិភោគសូកូឡាប្រភេទនេះនឹងអាចកាត់បន្ថយការកើតជំងឺទឹកនោមផ្អែម ២១% ។

ការស្រាវជ្រាវនេះបានធ្វើឡើងជាមួយក្រុមអ្នកស្ម័គ្រចិត្តយ៉ាងលម្អិតអំពីការបរិភោគសូកូឡា ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងនៅលើពិភពលោក ហើយសូកូឡាតែងតែពាក់ព័ន្ធជាមួយជំងឺធាត់ និងទឹកនោមផ្អែម ។ លទ្ធផលការស្រាវជ្រាវផ្សព្វផ្សាយក្នុងទស្សនាវដ្តីពេទ្យ BMJ បង្ហាញថា អ្នកបរិភោគសូកូឡាខ្មៅ ច្រើនជាង៥ដុំក្នុង១សប្តាហ៍ នឹងអាចកាត់បន្ថយការកើតជំងឺទឹកនោមផ្អែមប្រភេទទី២ រហូតដល់២១% បើធៀបនឹងអ្នកពុំសូវបរិភោគ ឬអ្នកពុំធ្លាប់បរិភោគសូកូឡា ។.png)
គុណសម្បត្តិរបស់សូកូឡាខ្មៅ គឺដោយសារវាសម្បូរសារធាតុ Flavonoids នៅក្នុងម្សៅកាកាវសុទ្ធ ដែលជាគ្រឿងផ្សំដ៏សំខាន់សម្រាប់ផលិតសូកូឡា ។ ប៉ុន្តែអ្នកបរិភោគគួរតែប្រុងប្រយ័ត្នផងដែរ ដោយសារការផលិតសូកូឡាតែងតែបន្ថែមស្ករ ទឹកដោះគោ និងសារធាតុផ្សេងៗដើម្បីបន្ថែមរសជាតិឆ្ងាញ់ និងងាយស្រួលបរិភោគ ។ ហេតុនេះ បើបរិភោគសូកូឡាច្រើនពេក វានឹងធ្វើឱ្យកើតជំងឺធាត់ និងទឹកនោមផ្អែម ។
.png)
សូកូឡាខ្មៅ (Dark Chocolate) នឹងមានបរិមាណកាកាវ ចាប់ពី៧០% ទៅ៨៥% ឡើងទៅ ហើយក្រៅពីបរិភោគសូកូឡាខ្មៅ យើងក៏អាចយកវាធ្វើអាហារ និងភេសជ្ជៈពីកាកាវសុទ្ធ ។ ការការពារជំងឺទឹកនោមផ្អែមប្រភេទទី២ គឺត្រូវតែប្រាកដចិត្តថា សូកូឡាបន្ទះ ឬកាកាវ១ពែង ដែលយើងបរិភោគមានស្ករតិចបំផុត ។
តើសូកូឡាខ្មៅផ្តល់នូវផលប្រយោជន៍អ្វីខ្លះ?
-សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនជាច្រើនសម្រាប់រាងកាយ
-កាត់បន្ថយសម្ពាធឈាម
-ជួយបំប៉នបេះដូង
-បង្កើនប្រសិទ្ធភាពការធ្វើការរបស់ខួរក្បាល
-កាត់បន្ថយកម្រិតកូឡេស្តេរ៉ុល
-ជួយថែទាំសុខភាពស្បែក
-បង្កើនកម្លាំងឱ្យហាត់ប្រាណបានយូរជាងមុន និង
-កាត់បន្ថយភាពតានតឹង ៕










