សហរដ្ឋអាមេរិក ៖ លោក Elon Musk មហាសេដ្ឋីលំដាប់ពិភពលោក បញ្ជាក់ថា ពុំចាប់អារម្មណ៍ទិញកម្មវិធី TikTok ដ៏ពេញនិយមទេ ខណៈបណ្តាញសង្គមនេះរងនូវការដាក់សម្ពាធហាមឃាត់ការប្រើប្រាស់ពីរដ្ឋាភិបាលអាមេរិក ដោយសារបារម្ភពីអសន្តិសុខ និងការបញ្ជូនទិន្នន័យអ្នកប្រើប្រាស់ទៅឱ្យរដ្ឋាភិបាលចិន ពីព្រោះ TikTok មានក្រុមហ៊ុនមេ ByteDance នៅចិន ។
បទសម្ភាសន៍របស់លោក Elon Musk កាលពីចុងខែមករា ឆ្នាំ២០២៥ និងផ្សព្វផ្សាយតាមអនឡាញនៅថ្ងៃទី៨ ខែកុម្ភៈ ដោយ The WELT Group ជាផ្នែកមួយរបស់ក្រុមហ៊ុន Axel Springer SE នៅប្រទេសអាល្លឺម៉ង់ បានរៀបចំកិច្ចប្រជុំកំពូល ហើយអញ្ជើញលោក Elon Musk ចូលរួមប្រជុំតាមវីដេអូខល ។ លោកថា ៖ «ខ្ញុំពុំទិញ TikTok ទេ និងពុំទាន់មានផែនការថា គួរធ្វើដូចម្តេច បើក្លាយជាម្ចាស់ TikTok ។ ខ្ញុំពុំប្រើប្រាស់កម្មវិធីនេះ ខ្ញុំពុំដឹងថា App មានរូបរាងបែបណា ។ គ្មានអ្វីរំភើបនឹងការទិញ TikTok ពីព្រោះខ្ញុំពុំធ្លាប់ទិញកម្មវិធីក្រុមហ៊ុនផ្សេង» ។
រីឯការចំណាយប្រាក់រាប់លានដុល្លារអាមេរិកទិញកម្មវិធី Twitter ដែលបច្ចុប្បន្ន ប្តូរឈ្មោះជាកម្មវិធី X គឺពុំកើតឡើងញឹកញាប់ទេ ហើយលោក Elon Musk តែងបង្កើតក្រុមហ៊ុនដោយខ្លួនឯងតាំងពីដំបូង ។ កន្លងមក ប្រធានាធិបតីអាមេរិក លោក Donald Trump និយាយថា នឹងបើកផ្លូវឱ្យលោក Elon Musk ទិញ App របស់ក្រុមហ៊ុន ByteDance បើត្រូវការ ។ ប៉ុន្តែ ByteDance បដិសេធពុំលក់កម្មវិធីនេះ ។
លោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិពន្យារពេលការបិទ TikTok ខណៈអាមេរិកកំណត់ពេលបិទ TikTok នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ។ អាមេរិកកំណត់ឱ្យ ByteDance លក់ TikTok នៅខែមករា បើពុំដូច្នោះទេ នឹងបិទកម្មវិធីនេះ ដោយសារសមាជិកសភាបារម្ភថា វានឹងប៉ះពាល់សន្តិសុខជាតិ ព្រោះរដ្ឋាភិបាលចិនអាចបង្ខំឱ្យក្រុមហ៊ុនបង្ហាញទិន្នន័យអ្នកប្រើប្រាស់នៅអាមេរិក ។ ប៉ុន្តែ TikTok ថា គ្មានករណីនេះកើតឡើង ហើយគ្មានថ្ងៃបង្ហាញទិន្នន័យអ្នកប្រើប្រាស់ ។
Apple និង Google ពុំទាន់ដាក់កម្មវិធី TikTok លើ App Store ទេ តាំងពីការអនុវត្តច្បាប់អាមេរិក ។ កាលពីថ្ងៃទី៧ ខែកុម្ភៈ អ្នកគ្រប់គ្រង TikTok ថា ក្រុមហ៊ុនអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដោនឡូតវាលើឧបករណ៍ Android នៅអាមេរិក ដោយតភ្ជាប់ជាមួយឧបករណ៍ដំឡើងលើគេហទំព័រក្រុមហ៊ុន ដើម្បីចៀសវាងដែនកំណត់អាចកើតឡើងលើ TikTok នៅអាមេរិក ។

លោក Trump បានចរចាជាមួយភាគីជាច្រើនរឿងការទិញ TikTok ហើយលោកនឹងសម្រេចចិត្តពីអនាគតកម្មវិធីនេះនៅខែកុម្ភៈ ។ បច្ចុប្បន្ន ពលរដ្ឋអាមេរិកបានប្រើប្រាស់ TikTok ប្រមាណ ១៧០លាននាក់ ហើយការជួយ TikTok គឺជាការផ្លាស់ប្តូរគោលជំហររបស់លោក ខុសពីពេលលោកកាន់តំណែងប្រធានាធិបតីអាណត្តិទី១ ។ ពេលនោះ លោកព្យាយាមហាមឃាត់កម្មវិធីនេះ ប៉ុន្តែនាពេលថ្មីៗ លោកថាចូលចិត្ត TikTok ព្រោះវាជួយឱ្យលោកទទួលបានសំឡេងគាំទ្រពីអ្នកមានសិទ្ធិបោះឆ្នោត នៅឆ្នាំ២០២៤ ៕