មហោស្រពទេសចរណ៍ សិល្បៈវប្បធម៌ និងកីឡាដែលគ្មានថង់ប្លាស្ទិក “បុណ្យភ្នំ” ត្រូវបានផ្តួចផ្តើមរៀបចំដោយក្រុមការងារយុវជនស្ម័គ្រចិត្ត Festival និងរដ្ឋបាលខេត្តកំពង់ស្ពឺ ជាឆ្នាំទី១ ក្រោមប្រធានបទ “រួមគ្នាលើកស្ទួយ វិស័យទេសចរណ៍ និងអភិរក្សវប្បធម៌បរិស្ថានធម្មជាតិរបស់កម្ពុជា”។
“បុណ្យភ្នំ” នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ និងអាទិត្យ ទី១៥ និង១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅឧទ្យានជាតិគីរីរម្យ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង២ទៀបភ្លឺ (រយៈពេល២យប់២ថ្ងៃពេញ) ត្រង់ចំណុចចាប់ពីរង្វង់មូលនាគព័ន្ធ មកដល់អតីតព្រះរាជដំណាក់ និងអតីតព្រលានយន្តហោះខេត្តកំពង់ស្ពឺ។

កម្មវិធីនេះ មានគោលដៅផ្សព្វផ្សាយទៅកាន់យុវជនជំនាន់ក្រោយ អំពីពិធីប្រពៃណីខ្មែរ ដែលមានរួមបញ្ចូលការគោរពព្រះម៉ែធរណី (នាងគង្ហីង) ការសម្តែងសិល្បៈ តន្ត្រីប្រពៃណី វប្បធម៌ ដែលបន្សល់ទុកដោយបុព្វបុរសខ្មែររបស់យើង។
ពិធី “បុណ្យភ្នំ” ត្រូវបានរៀបចំដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីបង្ហាញជូន និងទាក់ទាញការចូលរួមយ៉ាងសកម្មពីយុវជន និងសាធារណៈជនទាំងឡាយ ដែលអញ្ជើញចូលរួមក្នុង ដើម្បីចូលរួមផ្វព្សផ្សាយ និងលើកតម្កើងអំពីកេរ្តិ៍ដំណែលរបស់ខ្មែរ និងទាក់ទាញទេសចរណ៍ក្នុងស្រុក និងក្រៅស្រុកមកទស្សនាឧទ្យានជាតិគីរីរម្យ៕