ដើម្បីត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ រដ្ឋបាលខេត្តកំពតក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ៅ ធនិន បាននាំយកមកនូវសមិទ្ធផលទេសចរណ៍ថ្មីប្លែកមួយបន្ថែមទៀត គឺទឹករាំតាមភ្លេងអមដោយភ្លើងចម្រុះពណ៌។
សមិទ្ធផលទេសចណ៍ថ្មីមួយនេះ នឹងធ្វើការតម្លើងរួចរាល់នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ដើម្បីទទួលភ្ញៀវទេសចរ ដែលមកកម្សាន្តក្នុងខេត្តកំពត។
ទឹករាំតាមបទភ្លេងនេះមានរបៀបនៃការលេងតាមចង្វាក់ភ្លេងបទចម្រៀង ដែលពាក់ព័ន្ធនិងសក្តានុពលទេសចរកុនុខេត្ត និងតំបន់ទេសចរណ៍នៅទូទាំងប្រទេសជាច្រើនក្បាច់ ដែលនឹងធ្វើឱ្យភ្ញៀវទេសចរប្លែកភ្នែក និងប្លែកអារម្មណ៍។

បន្ថែមពីនេះ អភិបាលខេត្ត ក៏នឹងកំពុងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្រាលកៅស៊ូ ពីផ្លូវមាត់ព្រែកកំពង់បាយ ចាប់ពីចំណុចគល់ស្ពានថ្មថ្មី (ស្ពានកំពង់បាយ) រហូតដល់រំង្វង់មូលត្រីផ្សោតផងដែរ។
គួរបញ្ជាក់ថា ខេត្តកំពត ជាខេត្តជាប់ឆ្នេរសមុទ្រ ស្ថិតនៅទិសនិរតី នៃប្រទេសកម្ពុជា មានចម្ងាយពីរាជធានីភ្នំពេញ ១៤៨គីឡូម៉ែត្រ។ បច្ចុប្បន្នខេត្តនេះ គឺជាខេត្តមួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកលេងកម្សាន្ត ដែលខេត្តនេះសំបូរទៅដោយធនធានធម្មជាតិបម្រើឱ្យវិស័យទេសចណ៍៕