ក្រៅពីការជួបជុំក្រុមគ្រួសារកូនចៅក្នុងថ្ងៃចូលឆ្នាំចិន ទំនៀមទម្លាប់មួយទៀតរបស់ជនជាតិចិន គឺការផ្តល់អាំងប៉ាវ ។ យើងនឹងឆ្ងល់ថា តើអ្នកណាជាអ្នកផ្តល់អាំងប៉ាវ ហើយគួរផ្តល់ប្រាក់តាមចំនួនលេខណាខ្លះទើបមានលាភសំណាងពេញមួយឆ្នាំ? តាមជំនឿរបស់ចិន ការផ្តល់អាំងប៉ាវទៅឱ្យកូនចៅ ត្រូវបានចាត់ទុកថា គឺជាការឱ្យពរជ័យដល់អ្នកទទួលឱ្យមានលាភសំណាង ចម្រើនរុងរឿង និងមានសុខភាពល្អ ។.png)
តាមទំនៀមទម្លាប់ចិន អ្នកដែលផ្តល់អាំងប៉ាវ គឺអាម៉ា អាកុង ប៉ា និងម៉ា ប៉ុន្តែកូនចៅដែលមានការងារធ្វើទទួលបានប្រាក់ខែខ្លួនឯង គឺពួកគេអាចផ្តល់អាំងប៉ាវទៅឱ្យក្មេងៗបាន ។ សរុបមក មនុស្សចាស់ទុំក្នុងគ្រួសារ ឬអ្នកមានចំណូលគួរតែផ្តល់អាំងប៉ាវទៅឱ្យសមាជិកគ្រួសារដែលមានអាយុតិចជាង ។
ការដាក់ប្រាក់ក្នុងអាំងប៉ាវដើម្បីទទួលបានលាភសំណាង រួមមាន ៖
១-ចៀសវាងលេខ៤ ៖ ការទទួលបានលាភសំណាងនៅថ្ងៃចូលឆ្នាំចិន គួរតែចាប់អារម្មណ៍លើការសែនម្ហូបអាហារបុព្វបុរសដែលបានចែកឋាន, ស្លៀកពាក់ឈុតពណ៌ក្រហមដើម្បីទាក់ទាញទ្រព្យសម្បត្តិ និងប្រកាន់យកបម្រាមក្នុងថ្ងៃចូលឆ្នាំចិន ។ រីឯតួលេខ ក៏គួរចាប់អារម្មណ៍ដូចគ្នាដែរ ចូរចៀសវាងដាក់ប្រាក់ក្នុងអាំងប៉ាវ ដែលមានចំនួនលេខ៤ ពីព្រោះលេខ៤ មានន័យថា សេចក្តីស្លាប់ ។.png)
២-លេខ៦ និងលេខ៨ ជាលេខសំណាងបំផុត ៖ លេខសំណាងបំផុតសម្រាប់ការដាក់ប្រាក់ក្នុងអាំងប៉ាវឱ្យក្មេងៗ គឺលេខ៦ និងលេខ៨ ពីព្រោះជនជាតិចិនមានជំនឿថា លេខទាំងពីរនេះតំណាងឱ្យភាពរលូនក្នុងជីវិត ។

៣-ក្រដាសប្រាក់ និងសំបកអាំងប៉ាវ ៖ គួរតែដាក់ក្រដាសប្រាក់ថ្មីៗក្នុងអាំងប៉ាវ និងហាមដាក់ក្រដាសប្រាក់ចាស់ ឬដាច់រហែក ។ រីឯសំបកអាំងប៉ាវ ត្រូវតែមានសភាពថ្មី, មិនរហែក និងពុំជ្រាបទឹក ។

គួរតែត្រួតពិនិត្យឆ្នាំលើសំបកអាំងប៉ាវផងដែរ ដូចជា ៖ ឆ្នាំ២០២៥នេះ គឺជាឆ្នាំម្សាញ់ យើងគួរតែជ្រើសរើសសំបកអាំងប៉ាវមានរូបសត្វពស់ធំៗ ពីព្រោះក្រៅពីការនាំមកនូវសិរីសួស្តីក្នុងឆ្នាំថ្មីហើយ វាក៏បង្ហាញពីមារយាទ និងការយកចិត្តទុកដាក់ទៅអ្នកដែលយើងផ្តល់អាំងប៉ាវឱ្យ ។
ហេតុនេះ ការចាប់អារម្មណ៍ពីរឿងអាំងប៉ាវ មានសារៈសំខាន់បំផុតក្នុងថ្ងៃចូលឆ្នាំចិន ។ បើពុំសូវមានប្រាក់ច្រើនដាក់អាំងប៉ាវ យើងអាចកាត់បន្ថយចំនួនប្រាក់ ពីព្រោះចំណុចសំខាន់ក្នុងថ្ងៃចូលឆ្នាំចិន ពុំស្ថិតនៅលើចំនួនប្រាក់ទេ ប៉ុន្តែស្ថិតនៅលើការជួបជុំក្រុមគ្រួសារ សែនម្ហូបអាហារទៅបុព្វបុរសដែលបានចែកឋាន ៕










