រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត ចេតិយឃុនឆាងឃុនផែន ដែលមានទីតំាងស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានចម្ងាយត្រឹមតែជាង៦៥០ម៉ែត្រប៉ុណ្ណោះ ពីស្ពានកោះកុង ដែលភ្ជាប់ដៃសមុទ្រពីខាងកើត មកកាន់ត្រើយខាងលិចនៃក្រុងខេមរភូមិន្ទ ។
ចេតិយនេះ មានកម្ពស់ជាង៤ម៉ែត្រ ស្ថិតលើផែថ្មប៉ប្រះទឹក មិនត្រឹមតែជាបូជនីយដ្ឋាននៃអ្នកក្នុងខេត្តប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដែលភ្ញៀវទេសចរនៅតាមបណ្តាខេត្តផ្សេងៗ ចង់ដឹង និងចង់ស្គាល់ ជាពិសេសទៅបន់ស្រន់ នៅពេលបានធ្វើដំណើរឆ្លងកាត់ខេត្តកោះកុង។ នៅទីនោះ គឺរំលេចដោយទេសភាពធម្មជាតិយ៉ាងស្រស់ត្រកាល អមជាមួយនឹងផ្ទៃទឹក និងមានស្ពានបេតុងមួយខ្សែអូសកាត់ទឹកសមុទ្រ សម្រាប់ចម្លងភ្ញៀវទេសចរ ទៅទស្សនាចេតិយបុរាណនេះ។

ប្រជាជនខ្មែរមានជំនឿថា ចេតីយឃុនឆាង ឃុនផែន គឺជាទីសក្ការៈបូជាដ៏ស័ក្តិសិទ្ធបំផុត និងតែងសម្រេចតាមបំណងប្រាថ្នា រាល់ពេលមកបន់ស្រន់។
សូមបញ្ជាក់ថា ចេតិយឃុនឆាងឃុនផែន មានប្រវត្តិជាប់ទាក់ទិននឹងរឿងព្រេងមួយដែលតំណាលពីស្នេហារបស់កំលោះ២នាក់ ឈ្មោះឃុនឆាង ឃុនផែន តាមស្រឡាញ់នារីម្នាក់ឈ្មោះភឹម ហើយស្នេហាត្រីកោណមួយនេះ បានធ្វើឱ្យនារីឈ្មោះភឹមបាត់បង់ជីវិត បន្ទាប់មកឃុនឆាងក៏បានសាងសង់ចេតិយបញ្ចុះសពនាងភឹមនៅត្រើយខាងលិច ដើម្បីបញ្ជាក់ពីសេចក្ដីស្រលាញ់ ហើយឃុនឆាងក៏បានយកទង់ព្រលឹងនាង ដោតនៅត្រើយខាងកើត ដើម្បីឱ្យនាងឆាប់បានចាប់ ជាតិជាថ្មី ។ ក្រោយមកនៅទីនោះ ក៏បានជាប់ឈ្មោះថាភូមិដងទង់ ចំណែកត្រើយខាងលិចកន្លែងដែលបញ្ចុះសពនាងភឹម ត្រូវបានជាប់ឈ្មោះថា ជាភូមិចេតិយរហូតដល់សព្វថ្ងៃនេះ ៕