ប្រទេសមីយ៉ាន់ម៉ា ៖ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កាសែត Global New Light of Myanmar រាយការណ៍ថា រយៈពេលជាង១ឆ្នាំ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានបណ្តេញក្រុមបោ.កប្រាស់តាមអនឡាញ សរុបស្មើ៥ម៉ឺន៥ពាន់នាក់ ឱ្យត្រឡប់ទៅប្រទេសកំណើតវិញ ។ នេះជាចំនួនក្រុមបោ.កប្រាស់ច្រើនបំផុត តាំងពីមីយ៉ាន់ម៉ាបានបណ្តេញកាលពីខែតុលា ឆ្នាំ២០២៣ ។
ទីតាំងក្រុមបោកប្រាស់តាមអនឡាញបានកើនឡើងដូចផ្សិតនៅបរិវេណព្រំដែនមីយ៉ាន់ម៉ា និងមានបុគ្គលិកធ្វើការជាច្រើន ហើយភាគច្រើនជាជនបរទេសដែលត្រូវបញ្ឆោត ឬជួញដូរឱ្យមកធ្វើការ ។ បុគ្គលិកទាំងនេះត្រូវបង្ខំឱ្យធ្វើការបោកប្រាស់ជនជាតិដូចគ្នា រហូតដល់ក្រុមបោកប្រាស់អាចរកប្រាក់ចំណូលបានរាប់លានដុល្លារអាមេរិក ។.png)
ក្នុងចំណោមជនបោកប្រាស់ទាំង៥ម៉ឺន៥ពាន់នាក់ ក្នុងនោះមានជនជាតិចិនច្រើនជាងគេ ស្មើនឹង៥ម៉ឺន៣ពាន់នាក់ បន្ទាប់មក គឺវៀតណាម ១,០០០នាក់, ថៃ ៦០០នាក់ និងជនបោកប្រាស់មកពី២៥ប្រទេសផ្សេងទៀត ។ ក្រោយការបណ្តេញក្រុមបោកប្រាស់ត្រឡប់ទៅប្រទេសវិញ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានស្នើឱ្យប្រទេសជិតខាងជួយសហការទប់ស្កាត់ជនខិលខូចតាមអ៊ីនធើរណេត និងការភ្នាល់អនឡាញ ។

ព្រំដែនភាគខាងជើងរបស់មីយ៉ាន់ម៉ាដែលជាប់ប្រទេសចិន គឺសម្បូរក្រុមបោកប្រាស់តាមអនឡាញគ្រប់គ្រងដោយក្រុមប្រដាប់អាវុធ ប៉ុន្តែក្រោយពីការបំផ្លាញទីតាំងរួចមក ក្រុមបោកប្រាស់ទាំងនេះក៏បានប្តូរទីតាំងមកកាន់តំបន់ព្រំដែនជាប់ប្រទេសថៃ ។ នៅខែមករា ឆ្នាំ២០២៥នេះ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានសហការជាមួយថៃរកវិធីដោះស្រាយបញ្ហាការបោកប្រាស់ និងភ្នាល់អនឡាញ ។

គួរបញ្ជាក់ថា ការបោកបញ្ឆោតតាមអនឡាញ គឺជាបញ្ហាចម្បងដែលបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍រកវិធានការដោះស្រាយ ហើយមីយ៉ាន់ម៉ាស្ថិតក្នុងភាពវឹកវរតាំងពីរដ្ឋាភិបាលយោធាធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អង់សានស៊ូជី ដែលគ្រប់គ្រងប្រទេសតាមរយៈការបោះឆ្នោតឱ្យចេញពីតំណែង កាលពីឆ្នាំ២០២១ ៕










