ថ្មីៗនេះ សហភាពអឺរ៉ុប បានចេញសេចក្តីប្រកាសស្តីពីការរកឃើញ កម្រិតសំណល់ថ្នាំកសិកម្ម Acetameprit, Tricyclazole, Thiamethoxam នៅក្នុងអង្ករកម្ពុជាលើសកម្រិតបញ្ញត្តិជាធរមានរបស់សហភាពអឺរ៉ុប។
តាមបញ្ញត្ដិនេះ មានសារធាតុសកម្មថ្នាំកសិកម្មចំនួន៣១៣មុខក្នុងចំណោម៥១៧មុខ ដែលអនុញ្ញាតឱ្យប្រើប្រាស់លើដំណាំស្រូវ ត្រូវបានសហភាពអឺរ៉ុបដាក់បញ្ញត្ដិកម្រិតសំណល់អតិបរមានៃថ្នាំកសិកម្មក្នុងអង្ករត្រឹមតែ០,០១មីលីក្រាម/គីឡូក្រាម ពោលគឺត្រូវបានទម្លាក់ចំនួន១០០ដងនៃកម្រិតចាស់ គឺ១មីលីក្រាម/គីឡូក្រាម។.png)
បញ្ហានេះ បាននិងកំពុងជះឥទ្ធិពលដល់ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប ដែលកន្លងទៅថ្មីៗនេះ អង្ករកម្ពុជាមួយចំនួនដែលមានកម្រិតសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ ត្រូវបានដឹកត្រឡប់មកវិញ។
ពាក់ព័ន្ធនឹងករណីនេះ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឱ្យសហគមន៍កសិកម្មផលិតកម្មដំណាំស្រូវ ប្រជាកសិករ រោងម៉ាស៊ីនកិនស្រូវ និងភាគីពាក់ព័ន្ធទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ចំពោះការប្រើប្រាស់ថ្នាំកសិកម្ម។.png)
បន្ថែមពីនេះ អគ្គនាយកដ្ឋានកសិកម្ម ក៏ស្នើឱ្យមានការត្រួតពិនិត្យមុននឹងនាំចេញ ដើម្បីបញ្ចៀសនូវបញ្ហាសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ ក្នុងការធានានិរន្តរភាពទីផ្សារអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុប៕
.png)










