សហរដ្ឋអាមេរិក៖ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ នាយកប្រតិបត្តិ Meta លោក Mark Zuckerberg បានចំណាយប្រាក់ជាង ៦០ ពាន់លានដុល្លារលើបច្ចេកវិទ្យា VR/AR ដែលជាបច្ចេកវិទ្យាការពិតនិម្មិត ដោយបច្ចុប្បន្នមិនទាន់សម្រេចបានជោគជ័យនោះទេ។
VR/AR គឺជាបច្ចេកវិទ្យាការពិតនិម្មិត ត្រូវបានគេផលិតជាវ៉ែនតា 3D ខណៈវ៉ែនតារបស់ Mark Zuckerberg ដែលមានឈ្មោះថា Meta Quest 3 គឺមិនទទួលបានផលចំណេញឡើយ។
បច្ចេកវិទ្យាមួយនេះក៏ធ្វើឱ្យក្រុមហ៊ុនធំៗមួយចំនួនដូចជា Apple, Microsoft, Google និង Sony ដែលបានវិនិយោគប្រាក់យ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក៏ទទួលបានការខាតបង់ប្រាក់ផងដែរ។ ដូច្នេះមកទល់ពេលនេះមិនទាន់មានក្រុមហ៊ុនណាទទួលបានភាពជោគជ័យលើបច្ចេកវិទ្យាមួយនេះទេ។ 
ជាក់ស្តែងដូចវ៉ែនតា Apple Vision Pro និង Snap’s Spectacles អ៊ីចឹងឧបករណ៍ទាំងពីរនេះលក់បានតិចតួចណាស់ ហើយក៏ត្រូវបានគេបំភ្លេចចោលយ៉ាងឆាប់រហ័សទៀតផង។ យោងតាមកំណត់ត្រាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Meta ក្រុមហ៊ុនបានខាតបង់ច្រើនជាង ៦០ ពាន់លានដុល្លារដោយសារតែបច្ចេកវិទ្យាការពិតនិម្មិតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ 
នេះបញ្ជាក់ថា បច្ចេកវិទ្យាមួយនេះគឺនៅឆ្ងាយពីការរំពឹងទុករបស់លោក Zuckerberg ខ្លាំងណាស់។ ទោះជាយ៉ាងណានៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈម្ចាស់ Facebook និង Instagram រូបនេះបានជូនដំណឹងដល់អ្នកវិនិយោគថា ទោះបីមិនទាន់ទទួលបានភាពជោគជ័យក៏ដោយ ក៏លោកនៅតែបន្តអនុវត្តបច្ចេកវិទ្យា VR និង AR ដោយសង្ឃឹមថានឹងទទួលបានភាពជោគជ័យនាពេលអនាគត៕










