ប្រទេសថៃ ៖ និស្សិតចិនបានមកសិក្សានៅប្រទេសថៃជាច្រើន ក្រោយពីរដ្ឋាភិបាលចិនមានគោលនយោបាយកាត់បន្ថយម៉ោងសិក្សាភាសាអង់គ្លេស ហើយនិស្សិតចិនត្រូវចំណាយប្រាក់ច្រើនក្នុងការសិក្សានៅប្រទេសរបស់ខ្លួន ជាហេតុធ្វើឱ្យអាណាព្យាបាលបញ្ជូនកូនទៅសិក្សានៅក្រៅប្រទេស ជាពិសេស នៅថៃ ។ ហេតុនេះ ថៃបានក្លាយជាគោលដៅសំខាន់ក្នុងការសិក្សាបន្តរបស់និស្សិតចិន ខណៈសាលារៀនអន្តរជាតិនៅថៃមានស្តង់ដារដូចប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ។

លោក គេតផុន ប្រៃផៃសានកិច្ច នាយករងក្រុមហ៊ុន UOB Kay Hian និយាយថា ការមកសិក្សាបន្តរបស់និស្សិតចិននៅកម្រិតបឋមសិក្សា, មធ្យមសិក្សា និងឧត្តមសិក្សា គឺផ្តល់ផលវិជ្ជមានសម្រាប់សេដ្ឋកិច្ចថៃរយៈពេលខ្លី តាមរយៈការចំណាយប្រាក់ក្នុងការសិក្សា និងស្នាក់នៅរបស់និស្សិតចិន ខណៈថៃ និងចិនបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នាជាច្រើនច្បាប់ ។

ប៉ុន្តែពេលនិស្សិតចិនមានចំណេះដឹងផ្នែកវប្បធម៌ និងចេះភាសាថៃ គឺថៃនឹងមានបញ្ហាប្រឈមរយៈពេលវែង ហើយធ្វើឱ្យថៃចាញ់ប្រៀបពាណិជ្ជកម្មជាមួយចិន ។ និស្សិតចិនមានប្រៀបក្នុងការប្រកបអាជីវកម្មនៅថៃ បើធៀបនឹងនិស្សិតថៃប្រឈមនឹងឧបសគ្គក្នុងការទៅសិក្សាបន្ត និងប្រកបអាជីវកម្មនៅចិន ។
ច្បាប់ថៃទាក់ទងនឹងពាណិជ្ជកម្មជាមួយចិននៅមានចំណុចខ្សោយ វាដល់ពេលរដ្ឋាភិបាលថៃត្រួតពិនិត្យ និងកែលម្អបទប្បញ្ញត្តិពាណិជ្ជកម្មជាមួយចិន ដើម្បីបិទចន្លោះប្រហាងដែលធ្វើឱ្យថៃចាញ់ប្រៀបចិននាថ្ងៃអនាគត ។ រយៈពេលពី២ឆ្នាំ ទៅ៣ឆ្នាំកន្លងមក និស្សិតចិនបានមកសិក្សានៅសាលារៀនអន្តរជាតិក្នុងប្រទេសថៃយ៉ាងច្រើន ជាពិសេស នៅតាមបណ្តាខេត្តធំៗ និងខេត្តទេសចរណ៍ ។
ម្យ៉ាងទៀត អាណាព្យាបាលនិស្សិតចិនដែលបញ្ជូនកូនមកសិក្សានៅថៃ ពួកគេមានលទ្ធភាពចំណាយប្រាក់ក្នុងការសិក្សារបស់កូន ហើយក្នុងរយៈពេលខ្លី គឺថៃទទួលបានផលប្រយោជន៍ពីការចំណាយរបស់និស្សិតចិន និងការកម្សាន្តរបស់ពួកគេ ប៉ុន្តែសម្រាប់រយៈពេលវែង ថៃនឹងចាញ់ប្រៀបពាណិជ្ជកម្មចិន ដោយសារនិស្សិតចិនយល់ពីសេដ្ឋកិច្ច និងពាណិជ្ជកម្មថៃ ៕










