រាជរដ្ឋាភិបាល បានង្ហើបគម្រោងអភិវឌ្ឍន៍ឆ្នេរសមុទ្រចំនួន២ ដែលមានមួយនៅខេត្តកែប និងមួយទៀតនៅខេត្តព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិបន្ថែមទៅកម្សាន្តនៅតំបន់ឆ្នេរទាំងនោះ។

សម្រាប់ខេត្តកែប រដ្ឋាភិបាល នឹងអភិវឌ្ឍន៍ឆ្នេរតេជោសន្តិភាពកែប ដែលមានបណ្តោយប្រវែង ២៧០០ម៉ែត្រ ទទឹងប្រវែង៣០ម៉ែត្រ និងមានផ្លូវជិះកង់ចំនួន២គន្លង មានទទឹងប្រវែង ៣ម៉ែត្រ ស្របតាមបណ្តោយឆ្នេរសមុទ្រ។

ដោយឡែក ខេត្តព្រះសីហនុ រដ្ឋសម្រេចយក ឆ្នេរព្រែកត្រែង ដែលស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយគ្រោងអភិវឌ្ឍន៍ ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយទៀតនៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាតំបន់ឆ្នេរសមុទ្រ ដែលនឹងទាក់ទាញអ្នកទេសចរជាតិ-អន្តរជាតិ មកទស្សនា សម្រាកលម្ហែ នៅតំបន់ឆ្នេរ ក៏ដូចជានៅកម្ពុជា។
គម្រោងលើកកម្ពស់គុណភាពអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោសន្តិភាពកែប” និង “ឆ្នេរព្រែកត្រែង” ជាគម្រោងនៃកិច្ចសហប្រតិបត្តិការរដ្ឋ និងវិស័យឯកជនលើកដំបូងក្នុងការអភិវឌ្ឍឆ្នេរកម្សាន្តសាធារណៈ។
បន្ទាប់ពីសាងសង់រួចជាស្ថាពរ ឆ្នេរទាំងពីរនេះនឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ហើយថែមទាំងបង្កើតឱកាសការងារ និងមុខរបរបន្ថែមទៀតសម្រាប់ប្រជាជននៅក្នុងតំបន់៕
.png)











